Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញលើកទី២ លើឯកសារគោលនយោបាយរបស់ EuroCham ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ”

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញលើកទី២ លើឯកសារគោលនយោបាយរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ”។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអនុប្រធាន EuroCham, ព្រមទាំងឯកឧត្តម លោកជំទាវ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនដែលជាសមាជិក EuroCham ជាច្រើនរូបនាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាស៊ីជម្រៅលើចំណុចគន្លឹះៗ ក្នុងគោលដៅកែលម្អប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈការកំណត់នូវវិធានការជាក់ស្តែងក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងប្រតិបត្តិការដែលកំពុងកើនឡើងនៅកំពង់ផែ, ការប្រកួតប្រជែងពីមជ្ឈមណ្ឌលផលិតកម្មនានានៅក្នុងតំបន់, និងតម្រូវការបន្ទាន់ចាំបាច់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពវិស័យភស្តុភារកម្មនៅកម្ពុជា។ ក្នុងឱកាសនោះ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ជាពិសេសលើការធ្វើ ឌីជីថលូបនីយកម្ម ក្នុងការតាមដាននិងគ្រប់គ្រងប្រតិបត្តិការក្នុងកំពង់ផែផ្ទាល់ ដើម្បីបង្កើនតម្លាភាព និងល្បឿននៃសេវាកម្មផងដែរ។
ផ្អែកតាមឯកសារគោលនយោបាយដែលបានរៀបចំដោយ គណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម របស់ EuroCham ចំណុចគន្លឹះចំនួន ៥ ព្រមជាមួយនឹងការផ្តល់យោបល់ជាដំណោះស្រាយ សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានលើកយកមកជជែកពិភាក្សាយ៉ាងផុលផុសក្នុងស្មារតីសហការខ្ពស់។

តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីពីជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ជាពិសេសតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈពាក់ព័ន្ធ ឱ្យកាន់តែទំនើបនិងមានភាពបត់បែនខ្ពស់សម្រាប់ការធ្វើធុរកិច្ច។

គួររម្លឹកដែរថា៖ ឯកសារគោលនយោបាយ ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” នេះ ត្រូវបានរៀបចំ និងដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២៥ កន្លេងទៅ សម្រាប់ការពិនិត្យបឋម និងផ្តល់ធាតុចូលបន្ថែម មុននឹងឈានមកដល់ការពិនិត្យឡើងវិញលើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×