ភ្នំពេញ ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រ សហគ្រាស សរុបចំនួន ៤,៦ម៉ឺនសហគ្រាស ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបប្រមាណ ២,១៤លាននាក់។ នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានបន្តឱ្យដឹងថា រោងចក្រ និងសហគ្រាសទាំងនោះត្រូវបានបែងចែកទៅតាមវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្មចំនួន ៣៨៦, វិស័យឧស្សាហកម្មចំនួន ៧ ៥៦៥, វិស័យកម្មន្តសាលមាន ៤ ៩៦៤ និងវិស័យកាត់ដេរចំនួន ១ ៨៦៧ សហគ្រាស។
លោកបានគូសបញ្ជាក់ថា ការកើនឡើងចំនួន សហគ្រាស ក្រុមហ៊ុន រោងចក្រ ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ។
បើតាមអ្នកនាំពាក្យដដែល បច្ចុប្បន្នកម្ពុជានៅមានឱកាសការងារជាង ៨ ម៉ឺនកន្លែងទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ អ្នកស្វែងរកការងារ ជាពិសេស បងប្អូនអតីតពលករ អាចទំនាក់ទំនងមកកាន់លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបម្រើការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី








