ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានតម្ថល់ទោសទណ្ឌិតស្រីម្នាក់ ជាប់ពន្ធនាគារកំណត់ ១២ ឆ្នាំដដែល ពាក់ព័ន្ធនឹងបទល្មើស ការធ្វើទារុ.ណកម្ម និង អំពើឃោ.រឃៅ ទៅលើកុមារីម្នាក់ អាយុ៥ ឆ្នាំ ដោយសារតែខឹងក្មេងស្រីរងគ្រោះ បានយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន រួចក៏បានយកកាំបិតវះមុខនិងអារដៃជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ ៤៣ ឆ្នាំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ ៥ ឆ្នាំ មានទីលំនៅ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និង បង្គាប់ឱ្យ ជនជាប់ចោទត្រូវសងជម្ងឺចិត្តចំនួន ២០០ លានរៀល ទៅគ្រួសារជនរងគ្រោះ ក្រោមការចោទប្រកាន់ ពីបទ ” ប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម មានស្ថានភាពទម្ងន់ទោស” តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។
ទណ្ឌិត លីវ ប៊ុនធឿន ប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ទណ្ឌិត ឈ្មោះ លីវ ប៊ុនធឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

