ភ្នំពេញ ៖ អ្នកនាង ម៉េង កែវពេជ្ជតា បានរំលឹកពីអតីតកាលដែលខ្លួនបានសម្រេចជ្រើសរើសយកកូនទាំងពីរមកបីបាច់ថែរក្សា ដោយចូលទ្រព្យសម្បត្តិរាប់លានដុល្លារ បន្ទាប់ពីការលេងលះស្វាមី។
ជាមួយនឹងវីដេអូបង្ហាញពីកូនទាំងពីរបកស្រាយចម្រៀងរៀបរាប់ពីការដឹងគុណម្តាយអ្នកនាង ម៉េង កែវពេជ្ជតា បានភ្ជាប់ជាមួយសារយ៉ាងចាក់ដោតថា ការលះបង់ដ៏ធំធេងរបស់ខ្ញុំដោយសារការជ្រើសរើសយកពួកគាត់កាលពីជាង១០ឆ្នាំមុន គឺពិតជាមិនខុសទេ ។

នាងបញ្ជាក់ថា ម៉ែមើល Video នេះហើយ ម៉ែសែនរំភើប សរសើរ និងកាន់តែមានកម្លាំងចិត្តទ្វេឡើង ។ កូនទាំងពីរមានកតញ្ញុណាស់ កូនៗគឺជាវត្ថុដ៏មានតម្លៃ ថ្លៃលើសពីវត្ថុមានតម្លៃនានានៅលើផែនដី ពិសេសកូនៗសែនថ្លៃលើសពីទ្រព្យសម្បត្តិ រាប់លានដុល្លារ ដែលម៉ែបាត់បង់នាកាលណោះ ទៅទៀត ។ ម៉ែមិនដែលស្តាយក្រោយឡើយ ព្រោះការព្រមបាត់បង់ទ្រព្យសម្បត្តិទាំងប៉ុន្មាននាថ្ងៃនោះ អាចប្តូរយកមកវិញបាននូវសេចក្តីសុខរបស់៣នាក់ម៉ែកូនយើង នាថ្ងៃនេះ និងជារៀងរហូតត ទៅ។

នាងបន្ថែមថា ថ្វីត្បិតតែម៉ែជាអតីតកូនកំព្រា ជាអ្នកចម្រៀងធម្មតាគ្មានបុណ្យស័ក្តឋានៈអ្វី ប៉ុន្តែម៉ែមានក្តីសុខ ណាស់ ហើយម៉ែតែងតែគេងលក់ស្រួលជារៀងរាល់យប់នៅពេលដែលម៉ែដឹងថាភាពថ្លៃថ្នូរពិតនៃជីវិត ម៉ែមួយនេះ គឺត្រង់ម៉ែមិនដែលបោះបង់កូន ៗ និងការដែល ក្នុងអារម្មណ៍ម៉ែពេញដោយភាព ស្រស់ស្អាតភ្លឺថាដោយសារគ្មានវិប្បដិសារី ! ។
ម៉ែក៏សូមអរគុណកូនៗរបស់ម៉ែដែលធ្វើឲ្យម៉ែកាន់តែយល់នូវរស់ជាតិនៃការតស៊ូដោយសុច្ចរិត និងកាន់តែរឹងមាំក្នុងជីវិតកំព្រា ។ ម៉ែសូមធ្វើជាអ្នកបម្រើរបស់កូនរហូតដល់ជីវិតចុងក្រោយរបស់ម៉ែ ហើយម៉ែសូមសន្យាថាមិនអោយកូនៗកំព្រាដូចជាម៉ែដាច់ខាត ! ។
សូមជូនពរកូនៗរបស់ម៉ែមានអនាគតល្អ គ្រួសារល្អប្រកបដោយក្តីសុខសាន្តពេញមួយជីវិត ម៉ែស្រឡាញ់កូនៗលើសពីការនិយាយ ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv








