Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ឱសថក្លែងក្លាយ គ្មានបញ្ជិកា ទាំងក្នុងឱសថស្ថាន និងតាមអនឡាញ

spot_img

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំពីក្ដីព្រួយបារម្ភទៅកាន់សមត្ថកិច្ចពាក់ព័ន្ធជាច្រើនថា ក្នុងបរិបទបច្ចុប្បន្ននេះ ឱសថក្លែងក្លាយ និងអន់គុណភាព ជាបញ្ហាសុខភាពសាធារណៈរួមទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក, ប៉ុន្តែ បញ្ហាដោយឡែកថ្មីៗនេះក្នុងប្រទេសកម្ពុជា គឺក្រសួងសុខាភិបាលបានសង្កេតឃើញមានការផ្សព្វផ្សាយលក់ឱសថតាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាគួរឱ្យព្រួយបារម្ភចំពោះផលប៉ះពាល់សុខភាព ព្រោះក្នុងចំណោមឱសថទាំងនោះ មានមួយចំនួនជាឱសថគ្មានប្រភពច្បាស់លាស់ មិនមានចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយអាចជាឱសថក្លែងក្លាយ ឬអន់គុណភាពទៀតផង។

ការលើកឡើងបែបនេះរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងក្នុងសិក្ខាសាលាមួយ ស្តីពី ការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ខេត្តកែប។

លោកជំទាវវេជ្ជបណ្ឌិត ឱវណ្ណ ឌីនតំណាងក្រសួងសុខាភិបាល បានផ្ដល់បទអន្តរាគមន៍ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ជាពិសេសការលក់ឱសថគ្មានទិដ្ឋាការ គ្មានបញ្ជិកាតាមអនឡាញ, ក្រសួងសុខាភិបាល បានដាក់ចេញនូវយន្តការគ្រប់គ្រង ត្រួតពិនិត្យឱសថ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មួយចំនួនដូចតទៅ ៖

  • តម្រូវឱ្យចុះទិដ្ឋាការ បញ្ជិកាផលិតផលឱសថ អនុលោមតាមបទដ្ឋានបច្ចេកទេសមុនពេលអនុញ្ញាតឱ្យផលិតផលឱសថទាំងនោះដាក់លក់លើទីផ្សារ និងធ្វើការអប់រំណែនាំដល់សាធារណជនមិនឱ្យប្រើប្រាស់ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល។
  • ចុះត្រួតពិនិត្យតាមដាន និងស្រាវជ្រាវជាប្រចាំនូវឱសថដែលបានចែកចាយ និងលក់នៅលើទីផ្សារ។
  • ចាត់វិធានការតាមផ្លូវច្បាប់នានាពាក់ព័ន្ធនឹងបទល្មើសផ្នែកឱសថ និងគ្រឿសម្អាង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ដ្បិតអីឱសថគឺជាផ្នែកមួយចាំបាច់មិនអាចខ្វះបានសម្រាប់វិស័យសុខាភិបាលក្នុងការបង្ការ ថែទាំ និងព្យាបាលសុខភាពប្រជាជនគ្រប់រូប, ប៉ុន្តែ បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាអាវុធដ៏ស្ងៀមស្ងាត់ ដែលអាចសម្លាប់មនុស្សបាន ព្រោះគុណភាពឱសថមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងគុណភាពនៃការព្យាបាលផងដែរ ប្រសិនបើ ឱសថមានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេនោះ គុណភាពនៃការព្យាបាល ក៏មិនអាចទទួលបានជោគជ័យដែរ ទោះបីជាគ្រូពេទ្យនោះមានជំនាញយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណេះ វាអាចបង្កឱ្យមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម និងធ្វើឱ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវយ៉ាងទទូចថា គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវលក់តែឱសថណាដែលមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាល, ចំណែកឯប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថ ផលិតផលបំប៉នសុខភាព តាមប្រព័ន្ធអនឡាញ ហើយត្រូវទិញផលិតផលទាំងនេះតែពី ឱសថស្ថានស្របច្បាប់ ដោយត្រូវពិនិត្យមើលនូវលតាប័ត្រ ទិដ្ឋាការ ឬបញ្ជិកា នៅលើសំបកវេចខ្ចប់ឱសថ ដូចមានទម្រង់ក្នុងសេចក្តីជូនព័ត៌មានជាហូរហែកន្លងមករបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់ទិញឱសថប្រើប្រាស់ព្យាបាលជំងឺ, សម្រាប់សមត្ថកិច្ចពាក់ព័ន្ធវិញ ត្រូវតាមដាន ត្រួតពិនិត្យ ចាត់វិធានការតាមផ្លូវច្បាប់នានាពាក់ព័ន្ធនឹងបទល្មើសផ្នែកឱសថ និងគ្រឿសម្អាង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×