Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារអាមេរិក

spot_img

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២នេះ បានប្រកាសព័ត៌មានស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍។

នារសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ , ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយ “ការដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទាន ស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍”, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សមាគម ធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិស័យឯកជន ។

រាជរដ្ឋាភិបាលបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់នូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣” កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកមាគ៌ាន កំណើនប្រកបដោយសក្តានុពល និងពង្រឹងភាពធន់ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង ។ ជាក់ស្តែង, មុននឹងការមកដល់នូវវិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ បានផ្តល់ នូវចំណូលដុល ដែលទទួលបានពីភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤.៩១៩ លានដុល្លារអាមេរិក ដល់ សេដ្ឋកិច្ចកម្ពុជា និងបានរួមចំណែកប្រមាណ ៤,៤% នៃ ផសស ។ យ៉ាងណាមិញ, ជាអកុសលក្នុងអំឡុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១, វិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបានបណ្ដាលឱ្យសហគ្រាសជា ច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ, ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្តង ដែលជាហេតុនាំឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់បាន បាត់បង់ការងារ និងប្រាក់ចំណូល ។ ហេតុនេះហើយ, ដើម្បីជំរុញ និងស្ដារវិស័យទេសចរណ៍ឡើងវិញ, រដ្ឋាភិបាលបានដាក់ ចេញនូវវិធានការអន្តរាគមន៍ជាច្រើន ដូចជា៖ (១) ការបើកប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវ បានព្យួរការងារដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដោយម្នាក់ៗទទួល ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែពីរាជរដ្ឋាភិ បាល (២) ការមិនយកកម្រៃសេវាលើការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធការសុំបើកឡើងវិញ ដូចជាប៉ាតង់សណ្ឋាគារ និង ភោជនីយដ្ឋាន ជាដើម, (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទេសចរណ៍ ដែលមានស្រាប់ ឬ ទើបបង្កើតថ្មី, (៤) ការផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករនិយោជិត ដែលបាត់បង់ការងារ; (៥) ការអនុវត្តកម្មវិធីសហ ហិរញ្ញប្បទាន និង (៦) ការជំរុញទីផ្សារទេសចរណ៍ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ, បង្កើនទំនុកចិត្តលើប្រទេសកម្ពុជា ជាគោលដៅសុវត្ថិភាព និង ការអភិវឌ្ឍផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ឱ្យអនុវត្តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ និង ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ និង គ្រោងដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកែប ២០២២-២០៣៥ នាពេលឆាប់ៗខាងមុខនេះ ផងដែរ ។

កន្លងមក, ក្នុងអំឡុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីសហហិរញ្ញប្បទានដំណាក់កាលទី ១ តាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុង ទំហំទឹកប្រាក់ ចំនួន ១០០ លានដុល្លារអាមេរិក ដែលក្នុងនោះ មានការចូលរួមបដិភាគពីរាជរដ្ឋាភិបាលចំនួន ៥០ លាន ដុល្លារអាមេរិក និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនចំនួន ៥០ លានដុល្លារអាមេរិក ។ ដោយទទួលបានលទ្ធផលវិជ្ជមានពីការ អនុវត្តដំណាក់កាលទី ១, ក្នុងខែ សីហា ឆ្នាំ២០២១, រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់ SMEs ដំណាក់កាលទី ២ ដែលមានទំហំទឹកប្រាក់សរុប ២៤០ លានដុល្លារអាមេរិក ដោយមានបដិភាគចូលរួមពី រាជរដ្ឋាភិបាលចំនួន ១២០ លានដុល្លារអាមេរិក និងពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនចំនួន ១២០ លានដុល្លារអាមេរិក ។

ដោយទទួលបាននូវការសម្រេច និងអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្តី, គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់សរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលចំនួន ៧៥ លានដុល្លារអាមេរិក តាមរយៈ SME Bank និង ថវិកាបដិភាគរបស់ PFIs ចំនួន ៧៥ លានដុល្លារអាមេរិក ។ តាមរយៈគម្រោងនេះ, សហគ្រាសនៅក្នុងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ អាចស្នើសុំឥណ ទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ SME Bank ក្នុងអត្រាការប្រាក់សម្បទាន ។ ការដាក់ឱ្យអនុវត្តគម្រោង សហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្ដោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដើម្បីជំរុញ៖ (ក) ការធ្វើ ប្រតិបត្តិការអាជីវកម្មឡើងវិញ, (ខ) ការកែលម្អ និងធ្វើទំនើបកម្ម (គ) ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មនៃសេវា ទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ។ តាមរយៈ កម្មវិធីសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ, សហគ្រាសក្នុងវិស័យទេសចរណ៍ នឹងអាចស្តារ, ងើប និងពង្រឹងភាព ប្រកួតប្រជែងរបស់ខ្លួនឡើងវិញ ក៏ដូចជាជំរុញ និងកែច្នៃវិស័យទេសចរណ៍ឱ្យប្រកបទៅដោយភាពទាក់ទាញខ្លាំងជាងមុន ។

ការស្តារ និងជំរុញឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍ ឱ្យត្រឡប់ទៅរកស្ថិរភាព និងមាគ៌ានៃកំណើនប្រកបដោយសក្តានុពលតាមគន្លងប្រក្រតីភាពថ្មី នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ទាមទារឱ្យមានកិច្ច សហការយ៉ាងជិតស្និទ្ធ, ការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៅក្នុងការផ្តល់សហហិរញ្ញប្បទាននេះ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×