កាលពីថ្ងៃទី១៧ ខែឧសភា មន្ត្រីក្រុងសៀងហៃ (ប្រទេសចិន) បាននិយាយថា ទីក្រុងបានសម្រេចជាផ្លូវការ “គ្មាន Covid-19” នៅកម្រិតសហគមន៍។ កន្លងមក ទីក្រុងសៀងហៃ បានកំណត់គោលដៅដើម្បីស្តារផលិតកម្ម និងសកម្មភាពឡើងវិញទាំងស្រុង នៅក្នុងខែមិថុនា។
ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ បន្ទាប់ពីការបិទផ្ទប់អស់រយៈពេលជាង ៦ សប្តាហ៍ នោះគឺនៅពេលដែលទីក្រុងនេះបានប្រកាសថា ករណី Covid-19 នៅក្នុងសហគមន៍ ឈានដល់កម្រិតសូន្យ នៅទូទាំងទីក្រុងនៅថ្ងៃទី១៧ ខែឧសភា ហើយបច្ចុប្បន្នកំពុងដំណើរការ … ដើម្បីឱ្យស្ថានភាពវិលមករកភាពប្រក្រតីវិញនៅចុងខែមិថុនា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ឧសភា លោក Trieu Dan Dan អនុប្រធានគណៈកម្មាធិការសុខភាពទីក្រុងបានបញ្ជាក់ដោយផ្អែកទៅលើលទ្ធផលនៃការធ្វើតេស្តអង់ទីហ្សែន រួមជាមួយនឹងការធ្វើតេស្តអាស៊ីត nucleic កាលពីមួយថ្ងៃមុននេះថា ស្រុកទាំង ១៦ នៃទីក្រុងសៀងហៃ ឈានដល់ស្ថានភាព “គ្មានមេរោគ” នៅក្នុងសហគមន៍។
នេះជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសចិន នៅទីនេះក្នុងខែមីនា ដែលទីក្រុងសៀងហៃ មិនមានការឆ្លងកម្រិតសហគមន៍ទៀតនោះទេ។
យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃដដែល ទីក្រុងសៀងហៃ បានរាយការណ៍ថា មានករណីថ្មីនៃ Covid-19 ចំនួន ៧៧ ករណី និងករណីជាសះស្បើយថ្មីចំនួន ៧៦៤ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយពួកគេទាំងអស់ស្ថិតនៅក្នុងតំបន់ដាច់ដោយឡែក។ មានករណីស្លាប់មួយបន្ថែមទៀតនៅថ្ងៃទី១៦ ខែឧសភា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបពីជំងឺ Covid-19 នៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ឥឡូវនេះចំនួន 576 ឬ 0.09% នៃអ្នកឆ្លង 621,000 នៅទីក្រុងមានប្រជាជនចំនួន ២៥ លាននាក់នេះ។
កាលពីថ្ងៃទី១៦ ខែឧសភា ទីក្រុងសៀងហៃ បានរាយការណ៍ថា ចំនួននៃការឆ្លងប្រចាំថ្ងៃថ្មីបានធ្លាក់ចុះក្រោម 1,000 ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៤ ខែមីនា។ មន្ត្រីទីក្រុងបាននិយាយថា ពួកគេនឹងដកការបិទផ្លូវចាប់ពីថ្ងៃទី១ ខែមិថុនា នៅក្នុងផែនការបីដំណាក់កាល ដើម្បីស្តារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ជាបណ្តើរៗ ត្រឡប់មកធម្មតាវិញនៅចុងខែមិថុនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




