Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចែកនូវព័ត៌មានច្បាប់ ទាក់ទងនឹងករណីរឿងប្រធានាបតីអាមេរិក ដែលត្រូវបានអ្នកសារព័ត៌មានជនជាតិអ៉ីរ៉ាក់គប់ស្បែកជើង និងករណីរឿងប្រធានាធិបតីបារាំង ដែលត្រូវបានជនម្នាក់ទះកំផ្លៀង

ភ្នំពេញ៖ ឯកឧត្តមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ថ្ងៃពុធនេះ ខ្ញុំសូមចែកនូវព័ត៌មានច្បាប់ ទាក់ទងនឹងករណីរឿងប្រធានាបតីអាមេរិក ដែលត្រូវបានអ្នកសារព័ត៌មានជនជាតិអ៉ីរ៉ាក់គប់ស្បែកជើង និងករណីរឿងប្រធានាធិបតីបារាំង ដែលត្រូវបានជនម្នាក់ទះកំផ្លៀង ដែលចុះផ្សាយក្នុងអត្ថបទកាសែតបរទេសមួយចំនួន ដើម្បីសាធារណជនបានជ្រាប ដូចខាងក្រោម៖

ករណីទី១- ប្រធានាធិបតី George W.Bush ត្រូវបានអ្នកសារព័ត៌មានជនជាតិអ៉ីរ៉ាក់គប់ស្បែកជើង៖

អង្គហេតុនេះ កើតឡើងនៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៨ ដែលនៅពេលនោះ អ្នកសារព័ត៌មានជនជាតិអ៉ីរ៉ាក់ម្នាក់ឈ្មោះ Muntadhar al-Zeidi បានគប់ស្បែកជើងទៅលើលោកប្រធានាធិបតី George W.Bush ខណៈពេលដែលលោកប្រធានាធិបតីកំពុងធ្វើសន្និសីទសារព័ត៌មាន។ នៅក្នុងសំណុំរឿងនេះ អ្នកសារព័ត៌មានរូបនេះ ត្រូវបានចោទប្រកាន់ពី “បទបំពារបំពាន (Aggression) លើប្រមុខរដ្ឋបរទេស” ហើយត្រូវបានតុលាការនៃប្រទេសអ៉ីរ៉ាក់ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ស្របតាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌអ៉ីរ៉ាក់ (ច្បាប់ព្រហ្មទណ្ឌអ៉ីរ៉ាក់ចែងផ្តន្ទាទោសអាចរហូតដល់ ១៥ ឆ្នាំ)។

ប៉ុន្តែ សំណួរសួរថា ប្រសិនបើអ្នកសារព័ត៌មានរូបនេះ ប្រព្រឹត្តអំពើខាងលើនេះ នៅលើទឹកដីសហរដ្ឋអាមេរិក ចំពោះប្រធានាធិបតីអ៉ីរ៉ាក់វិញ, តើអ្នកសារព័ត៌មាននោះនឹងត្រូវទទួលទោសដែរ ឬទេ? ចម្លើយផ្លូវច្បាប់ទៅនឹងសំណួរនេះ គឺ ជនល្មើសនឹងអាចត្រូវមានទោស បើយោងតាមគន្ថីទី១៨ ផ្នែកទី១១២ នៃក្រមសហរដ្ឋអាមេរិក ដែលផ្តល់ការការពារពិសេសចំពោះ “មន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ”។ បុគ្គលណាដែលប្រព្រឹត្តអំពើ “ហិង្សា (Assault), វាយ (Strike), បង្ករបួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬបង្កហិង្សា (Offer Violence)” ចំពោះមន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬត្រូវទទួលទោសទាំងពីរនេះរួមគ្នា ទាំងទោសពិន័យ ទាំងទោសដាក់ពន្ធនាគារ។ ប្រសិនបើទង្វើនៃការគប់ស្បែកជើង (ប៉ុន្តែ គប់មិនត្រូវ) មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសពីបទអំពើហិង្សាក៏ដោយចុះ, ក៏តុលាការនៅតែសម្រេចថា ជននោះអាចនឹងមានទោសពីបទបំពានចំពោះមន្រ្តីបរទេស ឬរំខានមិនឱ្យមន្រ្តីនោះបំពេញការងាររបស់ខ្លួនបានដែរ ដែលបទល្មើសនេះអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៦ខែ ឬពិន័យជាប្រាក់។

ផ្ទុយទៅវិញ, ប្រសិនបើតុលាការចាត់ទុកថា ការគប់ស្បែកជើងទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតី ឬបុគ្គលដែលបានឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺជា “អំពើហិង្សា (Assault)”, នោះបុគ្គលដែលប្រព្រឹត្ត អាចនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ ហើយប្រសិនជាតុលាការសម្រេចថា ទង្វើនេះ គឺត្រឹមជាការគំរាមកំហែង (Threat), នោះក៏អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារដល់ ៥ឆ្នាំផងដែរ។

ការផ្តល់ការពារពិសេសទៅកាន់មន្រ្តីបរទេសមិនមែនជាទស្សនទានថ្មី ឬជារឿងថ្មីទេ ហើយក៏មិនមែនមានតែនៅសហរដ្ឋអាមេរិក និងប្រទេសអ៉ីរ៉ាក់ប៉ុណ្ណោះដែរ ប៉ុន្តែ ក៏មាននៅប្រទេសបារាំង និងប្រទេសស្វីសផងដែរ។

នេះបើយោងតាមការផ្សព្វផ្សាយរបស់ទស្សនាវដ្តី Slate ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ និង អត្ថបទព័ត៌មានមួយចំនួនដែលមានការពាក់ព័ន្ធ។

ករណីទី២- ប្រធានាធិបតី Emmanuel Macron ត្រូវបានជនម្នាក់ទះកំផ្លៀង៖

ហេតុការណ៍នេះ បានកើតឡើង នៅទីក្រុង Valence ភាគខាងត្បូង នៃប្រទេសបារាំង, លោកប្រធានាធិបតី Emmanuel Macron ត្រូវបានបុរសម្នាក់ឈ្មោះ Damien Tarel ទះកំផ្លៀង នៅពេលដែលលោកប្រធានាធិបតី កំពុងដើររាក់ទាក់សាធារណជននៅទីសាធារណៈនៅក្រុង Tain-l’Hermitage កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងសំណុំរឿងនេះ ឈ្មោះ Tarel ត្រូវបានផ្តន្ទាទោសពីបទប្រើហិង្សាលើបុគ្គលសាធារណៈ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ និងព្យួរទោសរយៈពេល ១៤ខែ ហើយជនល្មើសត្រូវបានហាមឃាត់មិនឱ្យកាន់មុខតំណែងនៅក្នុងមុខងារសាធារណៈ និងកាន់កាប់អាវុធរយៈពេល ៥ឆ្នាំ។ យោងតាមច្បាប់បារាំង, បទហិង្សាលើបុគ្គលសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន 45.000 អ៊ឺរ៉ូ (54.000 ដុល្លារអាមេរិក)។

នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Guardians ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌកម្ពុជាវិញ ប្រសិនបើប្រមុខរដ្ឋបរទេស ឬ ប្រមុខរដ្ឋាភិបាលបរទេស ឬបុគ្គលផ្សេងទៀត ដែលត្រូវបានការពារជាអន្តរជាតិ ហើយបានរងនូវការបំពាន ដូចករណីខាងលើ តើជនល្មើសត្រូវមានទោសដូចម្តេចខ្លះ? យោងតាមច្បាប់កម្ពុជា, ការប្រព្រឹត្តបទល្មើសបំពានលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវបានផ្តន្តាទោសធ្ងន់ធ្ងរ នៅក្នុងច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០០៧ ជាពិសេស ក្នុងជំពូកទី ៤ ចាប់ពីមាត្រា ២៩ ដល់មាត្រា ៣៤។ ទាក់ទងនឹងករណីខាងលើ ខ្ញុំសូមដកស្រង់យកមាត្រាខ្លះ ដែលអាចត្រូវបានយកទៅអនុវត្ត ចំពោះអង្គហេតុប្រហាក់ប្រហែលខាងលើ ដើម្បីបញ្ជាក់ជូនសាធារជនដូចតទៅ ៖

ទី១-មាត្រា ៣០ ចំណុចទី២ នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម ៖

បុគ្គលដែលប្រព្រឹត្តអំពើហិង្សាដោយចេតនាលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ។ ក្នុងករណីដែលមានស្ថានទម្ងន់ទោស ដោយសារអំពើហិង្សានេះបានបណ្តាលឱ្យជនរងគ្រោះទទួលមរណភាព ដោយជនល្មើសពុំមានចេតនានឹងធ្វើឱ្យស្លាប់, ជនល្មើសនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ។

ទី២-មាត្រា ៣៣ នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម ចែងថា បុគ្គលដែលគំរាមកំហែងប្រព្រឹត្តបទល្មើសលើបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×