Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ចេញប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក

ភ្នំពេញ៖ អាស៊ានបានបើកកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ានបូក (ADSOM-Plus) ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ហើយជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្រ្តីការពារជាតិអាស៊ាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២២ អនុគណៈកម្មការខ្លឹមសារនិងឯកសារ នៃគណៈកម្មការអន្តរក្រសួង ដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក (ADSOM-Plus) នៅទីស្តីការក្រសួងការពារជាតិ រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក ដើម្បីពិភាក្សាលើ ឯកសារសំខាន់ៗសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ឆ្នាំ២០២២ ក្រោមមូលបទ “សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បានស្តាប់របាយការណ៍កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិ អាស៊ាន-បូក (ADSOM-Plus WG) និងរបាយការណ៍ការវិវត្តថ្មីៗក្នុងអាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានស្តាប់របាយការណ៍វឌ្ឍនភាពរបស់ក្រុមការងារជំនាញទាំង៧វិស័យ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus: Exports Working Groups) រួមមាន៖ ១) ក្រុមការងារជំនាញ ស្ដីពីជំនួយ មនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ២) ក្រុមការងារជំនាញ ស្ដីពីសន្តិសុខលម្ហសមុទ្រ ៣) ក្រុមការងារ ជំនាញ ស្តីពីវេជ្ជសាស្ត្រយោធា ៤) ក្រុមការងារជំនាញ ស្ដីពីការប្រឆាំងភេរវកម្ម ៥) ក្រុមការងារជំនាញ ស្ដីពី ប្រតិបត្តិការរក្សាសន្តិភាព ៦) ក្រុមការងារជំនាញ ស្ដីពីសកម្មភាពកំចាត់មីនមនុស្សធម៌ និង ៧) ក្រុមការងារ ជំនាញ ស្ដីពីសន្តិសុខព័ត៌មានវិទ្យា។

កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាការពារជាតិ និងសន្តិសុខតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ សន្តិភាព និងស្ថិរភាពតំបន់។ កិច្ចប្រជុំបានកត់សម្គាល់នូវទស្សនៈរួមមួយចំនួនដែលថា តំបន់យើងនូវតែ ប្រឈមនឹងសន្តិសុខមិនប្រពៃណី ដូចជាអំពើភេរវកម្ម បម្រែបម្រួលអាកាសធាតុ សន្តិសុខលម្ហសមុទនិង គ្រោះមហន្តរាយធម្មជាតិ ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ដែលបានជះឥទ្ធិពលធ្ងន់ធ្ងរដល់សុខភាពមនុស្សជាតិ និងសេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះដែរ មានការលើកឡើងនូវការយល់ឃើញខុសៗគ្នាមួយចំនួនពាក់ព័ន្ធការវិវត្តថ្មីៗនៃសន្តិសុខតំបន់ និងអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនៅតែចាត់ទុកវេទិកាកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ជាវេទិកាសំខាន់ក្នុងការពិភាក្សា និងពិគ្រោះយោបល់ពាក់ព័ន្ធវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងដាក់ចេញនូវគោលការណ៍អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងតំបន់ ។ ប្រទេសទាំងអស់ នៅតែគាំទ្រដល់មជ្ឈភាពអាស៊ាន និងតួនាទីស្នូលរបស់អាស៊ាន ក្នុងការនិម្មាបនកម្មតំបន់។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ សម្រេចលើខ្លឹមសាររបស់សេចក្ដីព្រាងសេចក្ដីប្រកាសរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក និងបានប្រគល់ជូនក្រុមការងារពិភាក្សាចុងក្រោយលើនីតិវិធីនៃការអនុម័តដោយ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក។

អំឡុងពេលនៃកិច្ចប្រជុំ កម្ពុជាបានផ្សព្វផ្សាយសៀវភៅសការពារជាតិឆ្នាំ២០២២ និងបានបកស្រាយសង្ខេបអំពី ខ្លឹមសារសំខាន់ៗនៃឯកសារយុទ្ធសាស្ត្រការពារជាតិនេះ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស។ ឯកសារនេះ ជាសមិទ្ធផលមួយនៃអាទិភាពទាំង ៦ របស់ក្រសួងការពារជាតិសម្រាប់ការធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២។

ក្នុងឱកាសនៃកិច្ចប្រជុំ ប្រធានប្រតិភូឧត្តមមន្ត្រីការពារជាតិអាស៊ាន ប្រធានប្រតិភូឧត្តមមន្ត្រីការពារជាតិ អាស៊ាន-បូក និងអគ្គលេខាធិការរងអាស៊ាន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅទីស្ដីការក្រសួងការពារជាតិ និងបានទទួល នូវទស្សនាទានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និង កិច្ចប្រជុំឆ្នាំ២០២២។

ស្របពេលនៃកិច្ចប្រជុំនេះ ក៏មានជំនួបទ្វេភាគីសរុបចំនួន៤១ រវាងប្រតិភូបណ្តាប្រទេសដែលបានមកចូលរួម កិច្ចប្រជុំ ADSOM-Plus នេះ (ក្នុងនោះ កម្ពុជាបានជួបប្រជុំទ្វេភាគីចំនួន១៨) ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗទាំង ក្នុងតំបន់ និងសកលលោក ក៏ដូចជាដើម្បីសម្របសម្រួលការងាររសម្រាប់រៀបចំកិច្ចប្រជុំ ADMM និង ADMM-បូក នាពេលខាងមុខ។

រាល់ខ្លឹមសារដែលបានសម្រេចដោយឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក គឺជាការប្រុងប្រៀបសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូកលើកទី៩ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បានបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរ ស្របតាមទិស ដៅនៃការជំរុញសាមគ្គីភាព ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីលើកកម្ពស់សន្តិសុខប្រកប ដោយភាពសុខដុម៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×