ភ្នំពេញ ៖ ប៉ូលិសខេត្តកណ្តាលសហការជាមួយប៉ូលិសក្រុងភ្នំពេញ ឃាត់ខ្លួនបុរសវ័យ៨៤ឆ្នាំម្នាក់ និងស្ត្រីទិញលក់ទិញនិងបញ្ចាំទូរស័ព្ទមួយកន្លែង ស្ថិតនៅផ្លូវលេខ៦៣កែងនឹងផ្លូវលេខ១៤៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ដោយមិនសុំបញ្ចេញឈ្មោះបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ស្ថិតនៅផ្ទះជនរងគ្រោះនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលស្ត្រីរងគ្រោះខាងលើ បានទុកទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូមេក ត្រូវជនសង្ស័យបានធ្វើសកម្មភាព លួចយកទូរស័ព្ទរបស់គាត់ ហើយជនរងគ្រោះ បានឆែកតាមកាម៉ារ៉ាសុវត្ថិភាពឃើញ ជនសង្ស័យវ័យ៨៤ឆ្នាំ បានចូលទៅលួចទូរស័ព្ទរបស់គាត់ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ក្រោយពេលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចរាល់ហើយ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ តាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យវ័យ៨៤ឆ្នាំរូបនេះ បានសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាព មកលបលួចយកទូរស័ព្ទដៃមួយគ្រឿម៉ាកអាយហ្វូន១១ប្រូមេក ពីជនរងគ្រោះមកបញ្ចាំនៅម្តុំផ្សារទំនើបសូរិយាម៉ល ផ្លូវលេខ៦៣កែងនឹងផ្លូវ១៤៦ បន្ទាប់ពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានដឹកជនសង្ស័យ មកចង្អុលទីតាំងបញ្ចាំខាងលើ ដោយជនសង្ស័យបញ្ចាំចំនួនតែ៥០០០០រៀលប៉ុណ្ណោះ ដោយម្ចាស់ទូរស័ព្ទគាត់ខ្ជិលវែងឆ្ងាយ សុខចិត្តចេញថ្លៃលួសយកទូរស័ព្ទ ពីកន្លែងបញ្ចាំវិញ ឲ្យតម្លៃ១០០ដុល្លារវិញ តែខាងស្ត្រីដែលជាម្ចាស់ទីតាំង មិនព្រមទទួលយក ទើបសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនគរបាលជំនាញខេត្តកណ្តាល នាំខ្លួនស្ត្រីម្ចាស់ទីតាំង ដែលទទួលផលចោរកម្មខាងលើ និងជនសង្ស័យ មកសាកសួរ និងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម















