ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០៧អង្គ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមគតិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តមម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង៦០០០នាក់ចូលរួមផងដែរ។

២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យ ពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនិងបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ ពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្តនៃការរីករាលដាលជំងឺកូវីដ.១៩។ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅ ចំពោះស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកស.ម្លាប់ នៅជើងឯកនេះដោយយកចេញពីគុកទួលស្លែង កណ្តាលក្រុងភ្នំពេញ ហើយសូម ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៏ដ៏ សាហាវឃោរឃៅ និងគួរឧិ្យស្អប់ខ្ពើមនេះ។
គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកល របស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យទៅ ធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍បន្តទៀត ប្រជាជនយើងត្រូវចេះប្រើ សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ។
គណៈអធិបតីក៏បានឧទ្ទិសថ្ងៃ២០ឧសភាឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកលណាមួយ ដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេចតេជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក នឹងបានកសាងប្រទេស ដ៏កម្សត់មួយនេះ ឈានទៅសំរេចគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










