Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងទៅលើសម្ដេចតេជោ ហ៊ុន សែន ហើយ

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ លោក ឆាត រ៉េដឺមៀរ (Chad Roedemeier) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ដល់បណ្ដាញសារព័ត៌មានក្នុងស្រុក ឲ្យដឹងនៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិងកំពុងបើកការស៊ើបអង្កេតលើករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រព្រឹត្តដោយបុរសម្នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះហើយ។

អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់បំផុតលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូតទាំងអស់ និងឥស្សរជនដែលមកបំពេញទស្សនកិច្ចនៅអាមេរិក។ ទាក់ទងនឹងព្រឹត្តិការណ៍នៅថ្ងៃទី១១ ខែឧសភា អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតលើបញ្ហានេះ។ ការស៊ើបអង្កេតនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។

គួររំលឹកថា ករណីគប់ស្បែកជើងទៅលើ សម្តេចតេជោ ហ៊ុន សែន បានបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១១ ខែឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក មកដល់។ ស្បែកជើងនេះមិនបានហោះទៅត្រូវចំសម្តេចនោះទេ ដោយវាហោះចំនឹងទូរស័ព្ទរបស់អ្នកគាំទ្រម្នាក់។

ការផ្ដល់ព័ត៌មានរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទាក់ទងទៅនឹងបើកការស៊ើបអង្កេតលើជនបង្ក អ៊ុក ទូច នេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រានោះ សម្តេចតេជោលើកឡើងថា យើងរង់ចាំមើលការអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក ចំពោះករណីគប់ស្បែកជើងនេះ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ថា ករណីគប់ស្បែកជើងដោយមានការប៉ុនប៉ងគិតទុកជាមុនបែបនេះ តើជាការបញ្ចេញមតិ ឬក៏ជាអំពើហិង្សា ? ដោយសម្ដេចបានបញ្ជាក់ថា ប្រសិនបើប្រទេសបិតាប្រជាធិបតេយ្យមួយនេះចាត់ទុកថា ករណីគប់ស្បែកជើងនោះជា «សិទ្ធិបញ្ចេញមតិ» នោះអាចនឹងធ្វើឱ្យករណីបែបនេះ កើតឡើងនៅក្នុងប្រទេសនានា រាប់ទាំងប្រទេសកម្ពុជាដូចគ្នា។

សម្ដេចតេជោ មិនទាមទារឲ្យរដ្ឋាភិបាលអាមេរិក ត្រូវតែដាក់ទោសជនបង្កនោះទេ និងក៏មិនធ្វើកំណត់ទូត ទៅរដ្ឋាភិបាលអាមេរិកដើម្បីឲ្យចាត់វិធានការលើជនបង្កដែរ, ប៉ុន្តែ ច្បាប់របស់អាមេរិកមានបែបណា គឺអនុវត្តបែបនោះទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×