Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប សហការជាមួយក្រសួងមហាផ្ទៃ-ក្រសួងការពារជាតិ ដើម្បីរៀបចំឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹត្តទៅដោយរលូន

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដើម្បីរៀបចំឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ពោលគឺមានរយៈពេល ១៤ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង។

អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN នៅព្រឹកថ្ងៃទី២០ ខែឧសភានេះថា យុទ្ធនាការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយហើយការឃោសនានេះ នឹងបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ហើយទាំងគណបក្សនយោបាយទាំង ១៧ ដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះនៅតាមឃុំ សង្កាត់ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ។ គ.ជ.ប ក៏បានអញ្ជើញនៃតំណាងគណបក្សនយោបាយទាំងនោះ ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការធ្វើសកម្មភាពនៅក្នុងកំឡុងពេលនៃការឃោសនា។ ដោយគ.ជ.ប បានបញ្ជាក់ប្រាប់ថា ការឃោសនាចាប់ពៅម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ គឺជាពេលវេលា នៃការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ។ ហើយនៅថ្ងៃត្រង់ចាប់ពីម៉ោង ១២ ដល់ម៉ោង ២រសៀល គឺមិនអាចប្រើប្រាស់ឧបករណ៍បំពងសម្លេងបានទេ ។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈឲ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏បានជម្រាបទៅគណបក្សនយោបាយអំពីអ្វីដែលត្រូវធ្វើនឹងអ្វីដែលមិនត្រូវធ្វើ។ តាមនីតិវិធីគឺមានបម្រាមនៅក្នុងពេលឃោសនា គឺមិនអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការបំពងសម្លេងលុបទៅលើសម្លេងនៃគណបក្សដទៃផ្សេង។ ហើយការប្រើឧបករណ៍បំពងសម្លេងនៅក្បែរសាលារៀននៅក្នុងសិក្សារបស់សិស្ស ឬក៏និស្សិតត្រូវបានហាមឃាត់ និងនៅមន្ទីរពេទ្យក៏ត្រូវធ្វើការហាមឃាត់ផងដែរ។ ការប្រើនូវព្រះនាមរបស់ព្រះមហាក្សត្រនឹងមិនត្រូវអនុញ្ញាតក្នុងដំណើរការនៃការឃោសនាទេ ។
សម្រាប់ការប្រើប្រាស់ខិត្តប័ណ្ណឃោសនាដែលបិទជាន់លើខិត្តប័ណ្ណឃោសនា នៃគណបក្សផ្សេង ឬក៏ហែកបំផ្លាញខិត្តប័ណ្ណគណបក្សផ្សេងៗ ដែលបិទនៅទីណាមួយនោះ ក្នុងទីសាធារណៈណានោះ គឺមិនអនុញ្ញាតឲ្យធ្វើការលុប ឬក៏បិទជាន់ដោយបំពាននោះទេ។ ចំណែកការចងបដារកាត់ផ្លូវសាធារណៈ (ទទឹងផ្លូវ) គឺត្រូវបានហាមឃាត់ មានន័យថា អនុញ្ញាតឲ្យចងបដាស្របផ្លូវ។ ហើយក៏ហាមនៅការប្រើប្រាស់យានយន្តរបស់រដ្ឋធ្វើសកម្មភាពក្នុងការឃោសនាផងដែរ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា គ.ជ.ប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្នុងនោះ គ.ជ.ប ស្នើឲ្យគណបក្សនយោបាយ ឬក៏តំណាងនៃគណបក្សនយោបាយធ្វើការជម្រាបមកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតជាមុនយ៉ាងហោចមានរយៈពេល ៣ថ្ងៃផងដែរ ដើម្បីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចនានារៀបចំស្ថានភាពឲ្យល្អប្រសើរសម្រាប់ទីតាំង ពេលវេលា ជាពិសេសមិនឲ្យជាន់គ្នារវាងគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នាក្នុងការធ្វើសកម្មភាពហែរក្បួនធំៗ នោះទេ៕ រក្សាសិទ្ធដោយៈ ចេស្តារ

×