កណ្តាល៖ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះចៅក្រមស៊ើបសួរសាលដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនក្រុមចោរគាស់ផ្ទះយ៉ាងសកម្ម នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តហិង្សា ”ដែលប្រព្រឹត្ត នៅចំណុចផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលក្រុងតាខ្មៅ ជនរងគ្រោះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។

ចំណែកជនត្រូវចោទទី១ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅ:ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មុខរបរ:មិនពិតប្រាកដ។ ទី២ឈ្មោះ សេក វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
នគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពកាត់សោររបង ចូលទៅឆ្កឹះសោរម៉ូតូរបស់ជនរងគ្រោះតែឆ្កឹះមិនចេញ ។ ភ្លាមនោះ ជនរងគ្រោះបានភ្ញាក់ទាន់ឃើញជនសង្ស័យ ក៏បានទូរស័ព្ទប្រាប់បងប្អូនដែលនៅផ្ទះទល់មុខគ្នាឲ្យជួយដេញចាប់ជនសង្ស័យ បានម្នាក់ឈ្មោះ មហាម៉ាត់ ហ្វាអ៊ីស ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ។
ជនសង្ស័យទាំងត្រូវបាន ចោទប្រកាន់ពីបទ“លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តហិង្សា ” តាមមាត្រា៣៥៣ និងមាត្រា៣៥៧ នៃល្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



