ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមការងារតាមដាន ការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មាន អំពើហិង្សាលើស្រ្តី។
នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងកិច្ចការនារី លោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារត្រូតពិនិត្យតាមដានការអនុវត្តក្រមប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមការងារតាមដានការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី ដោយចូលរួមពីឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារ ព្រមទាំងលោកជំទាវ ឯកឧត្តម លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារ សរុបប្រមាណចំនួន៤០រូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ បទពិសោធន៍នៃការអនុវត្តល្អ និងបញ្ហាប្រឈមនៃការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រក្នុងប្រព័ន្ធផ្សព្វ ផ្សាយឆ្លើយតបនឹងក្រមប្រតិបត្តិសម្រាប់រាយការណ៍អំពើហិង្សាលើស្រ្តី ។
លទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំរួមមាន៖ ១.អង្គប្រជុំទទួលបានការរាយការណ៍អំពីលទ្ធផលការងារពាក់ព័ន្ធសំខាន់ៗ របស់សមាជិក-សមាជិកាដែលជាតំណាងក្រសួង-ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការជំរុញនិងតាមដានការអនុវត្តក្រមប្រតិបត្តិ, ២. អង្គប្រជុំសម្រេចឱ្យមានក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សានិងសិក្សាអំពីការពង្រីកវិសាលភាពក្នុងការតាមដានសារព័ត៌មាន និងស្វែងរកដៃគូពាក់ព័ន្ធគាំទ្របន្ថែមទៀត, ៣.អង្គប្រជុំបានស្នើឱ្យមានការបញ្ចូលដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមក្នុងកិច្ច ប្រជុំប្រចាំត្រីមាសលើកក្រោយ ព្រមទាំងធ្វើការសិក្សាដើម្បីកែសម្រួល និងបន្ថែមសមាជិកក្រុមការងារតាមដានការអនុវត្តក្រម ។

អង្គប្រជុំក៏បានស្តាប់លទ្ធផលតាមដានលើការរាយការណ៍ព័ត៌មានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងអំឡុងខែ មេសាដល់ខែឧសភា ឆ្នាំ២០២២ តាមដានសារព័ត៌មាន៩ស្ថាប័ន ដោយអង្គការអាកសិនអេដ ។ លទ្ធផលគន្លឹះៗរបស់ការតាមដាន លើសារព័ត៌មានទាំង៩នោះ បានសង្កេតឃើញថា៖ ១.សារព័ត៌មានទាំងនោះ ភាគច្រើននៅបន្តរាយការណ៍មិនការពារអត្តសញ្ញាណរបស់ជនរងគ្រោះ ២.សារព័ត៌មានភាគច្រើនបានកែប្រែ ដោយមិនយកករណីអំពើហិង្សាលើស្រ្តីមករាយការណ៍បែបលេងសើច ឬបង្ហាញទស្សនៈបន្ទោសជនរងគ្រោះ និង៣.ការរាយការណ៍ភាគច្រើននៅមិនទាន់គិតគូរដល់ការផ្តល់ព័ត៌មាន ដែលរួមចំណែកក្នុងការបង្កើនការយល់ដឹង និងកែប្រែឥរិយាបថរបស់សាធារណៈជនដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
ឆ្លើយតបនឹង របាយការណ៍នេះ អង្គប្រជុំបានពិភាក្សានិងផ្តល់មតិយោបល់សម្រាប់ការដាក់ចេញនូវសកម្មភាពបន្ថែម ដោយឈរលើវឌ្ឍនភាព និងមេរៀនពិសោធន៍នានា ព្រមទាំងជំនះលើបញ្ហាប្រឈម ចំណុចខ្វះខាត និងការវិវឌ្ឍនានានៅក្នុងសង្គម ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










