Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មឈូស Tangmo រចនា​តុប​តែ​ផ្កា​យ៉ាង​ពិសេស ប្រើ​ពេល​ជាង១ខែ​ទម្រាំ​ហើយ ខណៈ​មហាជន មិត្តភក្តិ ត្រៀម​ជូនដំណើរ​នាង​លើក​ចុងក្រោយ​នៅ​ថ្ងៃ…

spot_img

រឿងក្តីការស្លាប់របស់តារាស្រី Tangmo បានបញ្ចប់ទៅដោយស្ថាពរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយប៉ូលីសបានបញ្ជាក់ថា ការស្លាប់របស់នាង គឺកើតឡើងដោយឧប្បទ្ទវហេតុធ្លាក់ទឹកពិតប្រាកដមែន មិនមែនជាឃាតកម្មអ្វីនោះទេ។ ចំណែកមនុស្ស ៥ នាក់ ផ្សេងទៀត ក្នុងនោះមាននាង Kati ដែលរួមដំណើរនៅលើទូកជាមួយនាង ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឲ្យមនុស្សស្លាប់ ខណៈមហាជនមិនជឿសោះឡើយថា នាងស្លាប់ដោយសារឧបទ្ទវហេតុដ៏មិនទំនងបែបនេះ។

សពរបស់ Tangmo Nida ត្រូវបានធ្វើកោសល្យវិច្ច័យជាច្រើនដង ដែលធ្វើឲ្យការបូជានាង ត្រូវបានពន្យារពេល ដែលគិតមកទល់ពេលនេះ នាងបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ មិត្តភក្តិ សង្សារ និងមហាជនជាទីស្រលាញ់ អស់រយៈពេលជាង ៣ ខែ មកហើយ។

តែទោះយ៉ាងណា សពរបស់នាង នឹងត្រូវបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅព្រះវិហារ Methodist ខេត្ត Pathum Thani ខណៈមហាជន ក្រុមគ្រួសារ និងមិត្តភក្ដិ បានត្រៀមរួចរាល់ហើយ សម្រាប់ការជូនដំណើរជាលើកចុងក្រោយរបស់នាង។

ដោយឡែក ក្រឡេកមកមើលមឈូសរបស់នាងវិញ គឺពិតជាស្រស់ស្អាតណាស់។ នេះបើតាមលោក​សាស្ត្រាចារ្យ Thongchai Pradubchananurat ប្រធាន​មូលនិធិព្រះវិហារបាទីស្ទ កាលពីថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២ បានបាន​បង្ហោះ​រូបភាព និង​សារតាមរយៈ​ហ្វេសប៊ុកថា «នេះជាផ្នែកខ្លះនៃមឈូសរបស់ Nida ដែលនឹងត្រូវបូជានៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២»។

តួមឈូសមានប្រវែង 210 សង់ទីម៉ែត្រ ទទឹង 60 សង់ទីម៉ែត្រ និងកម្ពស់ 55 សង់ទីម៉ែត្រ ដែលជាទំហំផលិតឡើងជាពិសេស ធ្វើតាមស្តង់ដារ​រាងឆកោននៃស្ទីលគ្រឹស្ត។ ផ្នែកខាងក្រៅ មានតុបតែងឆ្លាក់ផ្កាកុលាប ផ្កាធូលីស និងផ្កាអ័រគីដេ ដែលសុទ្ធតែជាផ្កា Tangmo ចូលចិត្ត ហើយមានរូបថតរបស់ Tangmo នៅក្នុងស៊ុមព័ទ្ធជុំវិញដោយផ្កាយ៉ាងស្រស់ស្អាត។

នៅផ្នែកខាងលើនៃក្បាល មានឆ្លាក់ផ្កាកុលាប និងរូបចម្លាក់ 3D នៃសត្វព្រាបហើរសំកាំងលើផ្កាដែលកំពុងរីក។ វាដូចជាការចាប់ផ្តើមជីវិតថ្មី។ ចុងបញ្ចប់​ត្រូវបានឆ្លាក់ដោយផ្កា​កុលាប​ដែលក្រៀមស្វិតដូចពាក្យលា ហើយសត្វព្រាបមួយក្បាលបានហើរតាមនោះផងដែរ ដែលនៅក្នុងសាសនាគ្រឹស្ត សត្វព្រាបគឺជានិមិត្តសញ្ញាដែលបង្ហាញពីទឹកចិត្តដ៏បរិសុទ្ធ។

ក្រុមហ៊ុនផលិតមឈូស Suriya Funeral Co., Ltd. បានឲ្យដឹងថា មឈូសរបស់ Tangmo Nida ត្រូវចំណាយពេល ១សប្តាហ៍ ដើម្បីរចនា ហើយចាប់ផ្តើមផ្គុំក្នុងរយៈពេលមួយខែ។

គួរបញ្ជាក់ថា តារា​ស្រី ​Tangmo បានធ្លាក់ពីទូកល្បឿនលឿន ចូលក្នុងទឹកទន្លេ​ចៅ​ប្រា​យ៉ា កាលពីយប់ថ្ងៃ​ទី​២៤ កុម្ភៈ ខណៈនាងរួមដំណើរជាមួយមនុស្ស​៥​នាក់​ផ្សេងទៀតជិះ​លើ​នោះ។ សាកសពរបស់នាង​ត្រូវបានគេ​រកឃើញរយៈពេល ២ ​ថ្ងៃ​ក្រោយមក​នៅ​មិនឆ្ងាយប៉ុន្មានពីកន្លែងកើតឡើង​នៅ​ជិតផែ Pibul 1 ក្នុងខេត្ត Nonthaburi៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×