Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ស ខេង ៖ ការចុះជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ គឺជាចំណុចខ្លាំង ក្នុងការទទួលបានការគាំទ្រពីពលរដ្ឋ

spot_img

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានបន្តអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកបាណន់ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គពិធីអំពីសមិទ្ធផលជាច្រើនដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបងនិយាយជារួម និងដោយឡែកនៅក្នុងស្រុកបាណន់ រួមមានផ្លូវស្ពាន សាលារៀន អគ្គិសនី ទីអារាម មន្ទីរពេទ្យ រួមទាំងការខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការថែរក្សាបានសុខសន្តិភាព ស្ថិរភាពជាតិ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាដែលឱកាសនេះកំពុងស្ថិតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថានៅលើពិភពលោកមិនអាចគណបក្សណាយកបានការគាំទ្រពីប្រជាពលរដ្ឋមួយរយភាគរយនោះទេ ពោលគឺតែងតែមានសំឡេងភាគច្រើន និងភាគតិច។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាការចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋគឺជាចំណុចខ្លាំងមួយក្នុងការទទួលបានការគាំទ្រពីពលរដ្ឋ។

សម្ដេចបន្ថែមថាការបោះឆ្នោតនេះ គឺជាការកសាងលទ្ធិប្រជាធិបតេយ្យ ភាពសុខដុមរមនានៅមូលដ្ឋាន ធ្វើឱ្យមូលដ្ឋានមានស្ថិរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចំរើន តាមរយៈការផ្ទេរសិទ្ធិអំណាច ដើម្បីឱ្យក្រុមប្រឹក្សាឃុំ សង្កាត់មានការទទួលខុសត្រូវ មានទឹកចិត្ត មានមធ្យោបាយ និងធនធានដឹកនាំការអភិវឌ្ឍមូលដ្ឋានជាមួយប្រជាពលរដ្ឋ ពោលគឺពលរដ្ឋនៅមូលដ្ឋានជាម្ចាស់ក្នុងការកំណត់ជោគវាសនារបស់ខ្លួន តាមរយៈការជ្រើសរើសមេដឹកនាំ និងការរួមគ្នាសម្រេចចិត្តលើគម្រោងអភិវឌ្ឍជាក់ស្ដែង។

សម្ដេចបានមានប្រសាសន៍ទៀតថាតាមរយៈយន្តការបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជននៅមូលដ្ឋានមុនគេ ដ្បិតពលរដ្ឋជាម្ចាស់នៃអំណាច ហើយការគ្រប់គ្រងដឹកនាំឃុំ សង្កាត់ ល្អឬមិនល្អ ពលរដ្ឋនៅមូលដ្ឋានគឺជាអ្នកតាមដាន និងវាយតម្លៃដោយផ្ទាល់។ ជាមួយគ្នានេះ ក្រុមប្រឹក្សឃុំ សង្កាត់ ក៏មានការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលក្នុងការធានាឱ្យពលរដ្ឋក្នុុងមូលដ្ឋានរបស់ខ្លួនគោរពច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ដ្បិតថ្នាក់ជាតិជាអ្នកផ្ទេរនូវថវិកា សិទ្ធអំណាច និងការទទួលខុសត្រូវឱ្យរដ្ឋបាលឃុំ សង្កាត់ អនុវត្ត។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យប្រមូលសមិទ្ធផល និងស្នាដៃសំខាន់ៗដែលសម្រេចបានយកទៅជម្រាបជូនប្រជាពលរដ្ឋ ដោយបង្ហាញជូនពួកគាត់ឱ្យយល់ងាយៗ រួមទាំងផែនការថ្មីៗបន្ថែមទៀត ដើម្បីផ្ដល់ភាពជឿជាក់ និងក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ ពោលគឺពលរដ្ឋនឹងបានដឹងថាតើពួកគាត់ទទួលបានផលប្រយោជន៍អ្វីខ្លះក្នុងរយៈកាល៥ឆ្នាំកន្លងមក និងត្រូវទទួលបានអ្វីខ្លះទៀតសម្រាប់រយៈពេល៥ឆ្នាំបន្ត បន្ទាប់ពីបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិថ្មីនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×