ភ្នំពេញ ៖ លោក សុក ហុង ជាពាណិជ្ជករម្នាក់បានសម្ដែងនូវទឹកចិត្តទូលំទូលាយរបស់លោកថា ដ្បិតអីលោកប្ដឹងផ្ដល់ឈ្នះក្ដីទៅលើ លោក ផេង សុង ជាឈ្មួញដីធ្លី ដែលលក់ដីមួយកន្លែងឲ្យរូបលោក រួចហើយលួចទៅគប់គិតជាមួយអ្នកផ្សេងធ្វើប្លង់កម្មសិទ្ធិឲ្យទៅមនុស្សម្នាក់ទៀត ចំណែករូបលោកដែលជាអ្នកទិញផ្ទាល់ និងបានផ្ដល់ប្រាក់គ្រប់ចំនួនហើយនោះ បែរជាមិនអាចធ្វើប្លង់កម្មសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីនោះទៅវិញ, ពេលនេះ លោក ផេងសុង បានគេចខ្លួនបាត់ទៅហើយ ដូច្នេះ បើលោក ផេង សុង ចូលខ្លួនដោះស្រាយ រូបលោកដែលជាដើមបណ្ដឹងហើយឈ្នះក្ដីទៀតនោះ នឹងជួយសម្របសម្រួលឲ្យមានភាពធូរស្រាល?!
លោក សុក ហុង ពាណិជ្ជករ អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ ០២ ផ្លូវលេខ ០៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ផេង សុង អាយុ ជាង ៦០ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ ០១១៣៦៧១៥៧ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣៨ DB8 ផ្លូវលេខ ២១៦ ភូមិសែនសុខសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ, ត្រូវបានតុលាការរាជធានីភ្នំពេញ ផ្ដន្ទាទោសពីបទ ” លួចលក់អចលនវត្ថុរបស់អ្នកដទៃ ” ប្រព្រឹត្តនៅចំណុច ភូមិត្រពាំងឫស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កាលពីឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា ២៥៥ នៃច្បាប់ភូមិបាល ដោយសម្រេច ÷

១- ដាក់ពន្ធនាគារ លោក ផេង សុង រយៈពេល ២ឆ្នាំ,
២- បង្គាប់ឱ្យសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ ចាប់ខ្លួន លោកផេង សុង តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៦៧៩ ” យ ” ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២,
៣- បង្គាប់ឲ្យជនជាប់ចោទ លោក ផេង សុង សងសំណងរដ្ឋប្បវេណីសរុបជាទឹកប្រាក់ចំនួន ៤៦៣.០០០ដុល្លារអាមេរិក និងសងជំងឺចិត្តចំនួន ៤០លានរៀលឱ្យទៅដើមបណ្ដឹងលោក សុក ហុង។
ដំណើររឿងមានដូចតទៅ ÷ កាលអំឡុង ខែឧសភា ឆ្នាំ២០០៦ លោកសុក ហុង បានទិញដីមួយកន្លែងទំហំ ៣៥៨៩២ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ពីលោក ផេងសុង ហើយឈ្មោះ សុក ហុង បានប្រគល់ប្រាក់ឲ្យឈ្មោះ ផេង សុង គ្រប់ចំនួនតាមការព្រមព្រៀង។ បន្ទាប់មក នៅខែធ្នូ ឆ្នាំ២០១៨ លោក សុក ហុង បានលក់ដីខាងលើនេះឱ្យទៅគេម្នាក់ទៀត ឈ្មោះ ជា ស្រីមុំ , ក្រោយមក ឈ្មោះជា ស្រីមុំ បានទំនាក់ទំនងមក លោក សុក ហុង វិញថា ដីដែលខ្លួនបានលក់ឲ្យគាត់នោះ មានបញ្ហាហើយ គឺពុំអាចធ្វើប្លង់កម្មសិទ្ធិ ម្ចាស់អចលនវត្ថុបានទេ។

លុះ លោក សុក ហុង ស្រាវជ្រាវទៅទើបដឹងថា លោក ផេង សុង បន្ទាប់ពីលក់ដីខាងលើនោះឱ្យរូបលោកហើយ ក៏បានលក់ដីខាងលើដដែលនេះទៅឱ្យឈ្មោះ ង៉ោ ហួ បន្តទៀត ហើយឈ្មោះ ង៉ោ ហួន បានធ្វើបណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើដីនោះរួចទៅហើយ។ បន្ទាប់មក លោក សុក ហុង បានទាក់ទងទៅ លោក ផេងសុង ដើម្បីដោះស្រាយ, ប៉ុន្តែ លោក ផេង សុង ពុំដែលមានដំណោះស្រាយអ្វីឡើយ ទើប លោក សុក ហុង សម្រេចចិត្តដាក់ពាក្យប្ដឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ទាក់ទងនឹងបញ្ហានេះ មេធាវីការពារសិទ្ធិដើមបណ្ដឹង លោក ចេង រស្មីសេរីវង្ស និង សេង សុីណាន (ការពារក្ដី លោក សុក ហុង) បានធ្វើសេចក្ដីសន្និដ្ឋានថា នៅពេលលោក ផេង សុង ធ្វើកិច្ចសន្យាបញ្ចាំដីនោះ គឺ លោក ផេង សុង បានរកមេធាវីឲ្យជួយដឹងឮផងដែរ ហើយកាលពីប៉ុន្មានខែមុន ជនជាប់ចោទ ផេង សុង បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតមែន និងថែមទាំងបានសុំដូរដីមកឱ្យ លោក សុក ហុង ទៀតផង នេះជាចេតនាគប់គិត ប្រព្រឹត្តទង្វើលួចលក់អចលនវត្ថុរបស់អ្នកដទៃ សូមតុលាការផ្ដន្ទាទោសជនជាប់ចោទ ផេង សុង តាមច្បាប់។
ចំណែកភាគីខាង លោក ផេង សុង វិញ មជ្ឈមណ្ឌលព័ត៌មាន CEN ទាក់ទងលោកមិនបាននោះទេ, CEN បានទូរស័ព្ទជួបសួរនាំមេធាវីការពារសិទ្ធិរបស់លោក គឺអ្នកស្រី ថូ សុគន្ធា ដើម្បីសុំការបំភ្លឺបកស្រាយ , ប៉ុន្តែ អ្នកស្រី ថូ សុគន្ធា ជាប់រវល់ក្នុងសវនាការ ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ពេលចប់សវនាការ លោកស្រីនឹងបំភ្លឺនៅពេលក្រោយ។

ទោះជាយ៉ាងណា បើតាមសេចក្ដីសន្និដ្ឋានរបស់អ្នកស្រី ថូ សុគន្ធា មេធាវីការពារសិទ្ធិជនជាប់ចោទ ផេង សុង ដែលបានឆ្លើយបំភ្លឺនៅចំពោះមុខតុលាការបានបកស្រាយថា ក្នុងរឿងនេះកូនក្ដីរបស់អ្នកស្រី (លោក ផេង សុង) បានលក់ដីឲ្យដើមបណ្ដឹងឈ្មោះ សុក ហុង នៅឆ្នាំ២០០៦ ហើយបានផ្ទេរសិទ្ធិនៅឆ្នាំ២០១០ ប៉ុន្តែមិនអាចផ្ទេរសិទ្ធិបាន ដោយកូនក្ដីរបស់អ្នកស្រីបានចរចាជាមួយដើមបណ្ដឹងរួចហើយ ដើម្បីសុំដូរដីឲ្យដើមបណ្ដឹងវិញ ហើយម្យ៉ាងទៀតកូនក្ដីរបស់អ្នកស្រីទើបតែបានដឹងថា មិនអាចផ្ទេរសិទ្ធិបាន គឺនៅពេលដែល ឈ្មោះ ង៉ោ ហួ បានយកលិខិតបញ្ចាំដីធ្លីដែលកូនក្ដីខ្លួនដាក់បញ្ចាំនោះយកទៅធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗបាត់ទៅ ។ កូនក្ដីអ្នកស្រីបានដាក់បញ្ចាំដីឲ្យទៅឈ្មោះ ង៉ោ ហួ ទើបគាត់ធ្វើកិច្ចសន្យាខ្ចីប្រាក់ជាមួយ ង៉ោ ហួ ហើយកូនក្ដីខ្លួនបានធ្វើលិខិតបដិសេធ សុំមោឃភាពលិខិតផ្ទេរសិទ្ធិទៅតុលាការខេត្តកណ្ដាលផងដែរ, កូនក្ដីរបស់ខ្លួនមិនមានចេតនាក្នុងការប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដូចនេះ សំណូមពរដល់តុលាការ សូមឱ្យកូនក្ដីអ្នកស្រីរួចខ្លួនពីបទចោទប្រកាន់។
យោងតាម ហេតុផល ភស្ដុតាងឯកសារគតិយុត្តនានា តុលាការរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ ដោយមានសមាសភាពជំនុំជម្រះចូលរួម ÷ លោក ឆឹម ឫទ្ធីចៅក្រមជំនុំជម្រះ , លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ , លោកស្រី ស៊ី សុលក្ខិណា ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ, គឺបានសម្រេចដូចរៀបរាប់ខាងលើ។
ងាកមកលោក សុក ហុង វិញ នៅតែបើកចិត្តទូលាយថា បើទោះជា លោកបានឈ្នះក្ដីក្នុងរឿងនេះរួចទៅហើយក៏ដោយ ប៉ុន្តែលោកចង់ឲ្យជនជាប់ចោទ ផេង សុង ចូលខ្លួនដោះស្រាយជាមួយលោកផ្ទាល់លោកអាចនឹងសម្របសម្រួលស្នើសុំតុលាការបន្ធូរបន្ថយ បើពុំសោតនោះទេ លោក ផេង សុង នឹងត្រូវអនុវត្តការផ្ដន្ទាទោសតាមផ្លូវតុលាការ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









