Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុន្ទរកថាគន្លឹះរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ថ្ងៃទី ២៣ ខែ ឧសភាតាមរយៈប្រព័ន្ធវីដេអូ

បាងកក ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ស្ដីពី “របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ” ទីក្រុងបាងកក, ថ្ងៃទី ២៣-២៧ ខែ ឧសភា ឆ្នាំ ២០២២, តាមរយៈប្រព័ន្ធវីដេអូ (រយៈពេល ៣-៥ នាទី)។

យោងតាមសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន , ជាបឋម, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមអបអរសាទរខួបលើកទី ៧៥ នៃការបង្កើត UN ESCAP និងសូមវាយតម្លៃខ្ពស់ ចំពោះការរៀបចំ សន្និបាតប្រចាំឆ្នាំលើកទី ៧៨ ក្រោមប្រធានបទ «របៀបវារៈរួម ដើម្បី ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ក្នុងគោលដៅលើកស្ទួយសន្តិភាព, ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។

ការអភិវឌ្ឍប្រកបដោយចីរភាព គឺជារបៀបវារៈរួមជាសកលដ៏សំខាន់ ដែលទាមទារឱ្យមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងប្រទេស, តំបន់ និងសកលលោកទាំងមូល ។ វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាបណ្ត ប្រឈមផ្សេងទៀត ដែលបាននិងកំពុងកើតមានឡើង មិនត្រឹមតែបានបន្ទច់បង្អាក់ដំណើរការនៃការឈាន ទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីភាព ចាំបាច់នៃការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ។

ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយ, អាទិភាព ចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើ ការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។ ក្នុងន័យនេះ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក ។

ទន្ទឹមនេះដែរ, ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជាបន្តបន្ទាប់, កម្ពុជាក៏សូមលើកទឹកចិត្តឱ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការ ជំរុញការវិនិយោគ, ការធ្វើពាណិជ្ជកម្មដោយអនុវត្តឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន, និង ការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បី រួមគ្នាស្ដារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។

ក្នុងពេលដែលតំបន់របស់យើងក៏ដូចជាពិភពលោកទាំងមូល កំពុងតែសម្លឹងទៅមុខប្រកបដោយ សុទិដ្ឋិនិយម, យើងក៏កំពុងទទួលរងនូវវិបត្តិមួយថ្មីទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែ បន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ ។ ក្នុងន័យនេះ, យើងត្រូវខិតខំប្រឹងប្រែងរួមគ្នា រក្សាឱ្យបាននូវសណ្តាប់ធ្នាប់, សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សា ឱ្យបាននូវរំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឱ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» ។

ជាមួយគ្នានេះ, កម្ពុជាយល់ឃើញថា ការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ទាមទារឱ្យមានការសម្រេចចិត្តរួមគ្នា ក្រោមយន្តការពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និង អធិបតេយ្យភាពនៃប្រទេសនីមួយៗ ។ សម្តេចតេជោ សង្ឃឹមថា សន្និបាតប្រចាំឆ្នាំលើកទី ៧៨ នេះ នឹងមានការពិភាក្សា ផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ នៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្ដារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ និងឈាន ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក ។ កម្ពុជាត្រៀម ខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធាន អាស៊ានក្នុងឆ្នាំ ២០២២ ។ យន្តការពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយអង្គការសហប្រជាជាតិ គឺជាសញ្ញានៃក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×