Wednesday, June 29, 2022

កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញ នៅទូទាំងសកលលោក

បាងកក ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អាទិភាពចម្បង នៃរបៀបវារៈរួម នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិ ប្រយុទ្ធនឹងជំងឺកូរីដ១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសុន្ទរកថានៅក្នុងសន្និបាតប្រចាំឆ្នាំ នាទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងគោលដៅលើកស្ទួយសន្តិភាព, ស្ថិរភាព និងវិបុលភាពសង្គម សេដ្ឋកិច្ច ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ក្នុងបរិបទនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយនោះ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយ, អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ ។ ក្នុងន័យនេះ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះវប្បធម៌នៃការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែក វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំសហគមន៍ពេញលេញនៅទូទាំងសកលលោក។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដោយវិធានការរដ្ឋបាល និងសុខាភិបាលត្រូវបានសម្រួល និងដកចេញជាបន្តបន្ទាប់ កម្ពុជាក៏លើកទឹកចិត្តឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ, ការធ្វើពាណិជ្ជកម្មដោយអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគា្នស្ដារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ឡើងវិញ នៅក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលដែលតំបន់របស់យើងក៏ដូចជាពិភពលោកទាំងមូល កំពុងតែសម្លឹងទៅមុខប្រកបដោយសុទិដ្ឋិនិយម, យើងក៏កំពុងទទួលរងនូវវិបត្តិមួយថ្មីទៀត គឺសង្គ្រាមនៅអ៊ុយក្រែន ដែលវិបត្តិនេះមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរយៈពេលវែងផងដែរ។

ក្នុងន័យនេះ សម្ដេចបានជំរុញ ឲ្យខិតខំប្រឹងប្រែងរួមគ្នារក្សាឲ្យបាននូវសណ្តាប់ធ្នាប់, សន្តិភាព និងជាពិសេសសន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឲ្យបាននូវរំហូរនៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឲ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និង គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

ជាមួយគ្នានេះ, កម្ពុជាយល់ឃើញថា ការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពទាមទារឲ្យមានការសម្រេចចិត្តរួមគ្នា ក្រោមយន្តការពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពនៃប្រទេសនីមួយៗ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាសន្និបាតប្រចាំឆ្នាំលើកទី៧៨ នេះ នឹងមានការពិភាក្សាផុលផុស និងឈានទៅដល់ការបង្កើតនូវយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ នៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី និងប៉ាស៊ីហ្វិក សំដៅជំរុញការស្តារ និងលើកកម្ពស់កំណើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ តាមការរំពឹងទុក។

សម្ដេចតេជោ ហ៊ុន សែន , កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ។ យន្តការពហុភាគីនិយម គឺជាក្តីសង្ឃឹមរបស់យើង ហើយអង្គការសហប្រជាជាតិ គឺជាសញ្ញានៃក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី