មណ្ឌលគិរី ៖ លោក ថាន់ ឡេង ត្រូវបានដំឡើងបុណ្យស័ក្កិតួនាទី ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស លោក ទៀង សុថា ដែលត្រូវបានថ្នាក់លើផ្ទេរឲ្យទៅបម្រើការងារ ជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង។
ពិធីប្រកាសផ្ទេរតំណែងកែសម្រួលការងារនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តមណ្ឌលគិរី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង និងមន្ទីរ-អង្គភាពជុំវិញខេត្តមណ្ឌលគិរី ជាច្រើនកុះករ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចរបស់ ចៅក្រម-ព្រះរាជអាជ្ញា គឺជារឿងធម្មតាក្នុងអាជីពជាចៅក្រម-ព្រះរាជអាជ្ញា ក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។
លោក ថាន់ ឡេង បានទទួលត្រាចូលកាន់តំណែងជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងបានឡើងប្តេជ្ញាចិត្តថា ទោះជាយ៉ាងណា លោកនឹងធានាការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពស្មារតីទទួលខុសត្រូវ សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ មហាជនបានទទួលផងដែរថា បើលោក ថាន់ ឡេង បានកាន់តំណែងជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីទៅហើយនោះ សូមមេត្តាលោកធ្វើយ៉ាងណាអនុវត្តការងារឱ្យដូចការប្ដេជ្ញារបស់លោក ព្រោះសំណុំរឿងច្រើនណាស់រង់ចាំយុត្តិធម៌ពីលោក និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគីរីរាប់ម៉ឺននាក់ក៏រង់ចាំយុត្តិធម៌ពីលោកដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






