Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ ៖ គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យការងារ

spot_img

មណ្ឌលគិរី៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ , ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង ៤។

នៅរសៀលថ្ងៃអង្គារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តពីសាធារណជនលើប្រព័ន្ធតុលាការកម្ពុជា ក៏ដូចជា ការការពារ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការផ្សេងទៀត, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបន្តណែនាំ និងផ្តាំផ្ញើ នូវចំណុចសំខាន់ៗមួយចំនួន ជាអាទិ៍៖ (ទី១)-គ្រប់សាលាជម្រះក្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យការងារ និងក្រមសីលធម៌របស់មន្ត្រីក្នុងវិស័យយុត្តិធម៌ ម្យ៉ាង ដើម្បីធានាការអនុវត្តវិធានការវិន័យនានាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចំពោះមន្រ្តីដែលមិនគោរពវិន័យផង និងម្យ៉ាងទៀត ដើម្បីជាមូលដ្ឋានក្នុងការផ្តល់នូវការលើកទឹកចិត្តនានា ចំពោះមន្រ្តីដែលគោរពវិន័យ និងខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អផង, (ទី២)-ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវអនាគតិ ដោយវៀរចាកនូវអគតិធម៌ ឬភាពមិនលម្អៀងទាំង ៤ គឺ “ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ” ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ, (ទី៣)-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួន ហើយមន្រ្តីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចអភិវឌ្ឍខ្លួនឱ្យបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យច្បាប់ និងយុត្តិធម៌, (ទី៤)-ចៅក្រមទាំងអស់ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេស ត្រូវលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ប្រធានសាលាដំបូងខេត្តមណ្ឌលគិរីថ្មី នឹងខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើន ព្រមទាំងការបម្រើសេវាយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ ហើយជាពិសេស ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមកដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន ដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ, ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីបម្រើឱ្យវិស័យយុត្តិធម៌ និងបម្រើឱ្យប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×