Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាការចាំបាច់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំមួយ តាមរយៈប្រព័ន្ធវីដេអូ ជាគន្លឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថា ការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាការចាំបាច់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះថាបច្ចុប្បន្ន ដំណើរការឈានសម្រេចបានគោលដៅនានា កំពុងត្រូវបានបន្ទច់បង្អាក់ដោយសារបញ្ហាប្រឈមជាច្រើន ជាពិសេស វិបត្តិនៃជំងឺកូវីដ-១៩។

ការលើកឡើងបែបនេះ របស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈវីដេអូ ទៅកាន់ពិធីសន្និបាតប្រចាំឆ្នាំ លើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ក្រោមមូលបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ពេលនេះមានភាពប្រសើរឡើងវិញ តែមិនទាន់ឆ្លងផុតទាំងស្រុងនៅឡើយទេ ហើយអាទិភាពចម្បងនៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសាកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជាអាវុធយុទ្ធសាស្ត្រគន្លឹះ។

ការជួយគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ពេញលេញនៅទូទាំងសាកលលោក គឺជាការលើកទឹកចិត្តឲ្យមានការបើកទូលាយ និងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម ដោយអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលបានចូលជាធរមាន និងការតភ្ជាប់ប្រជាជន និងប្រជាជន ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាស្តារ និងលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

បញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក៏ជាវិបត្តិផងដែរ ដែលមិនត្រឹមតែបន្ទច់បង្អាក់ដល់ការងើបឡើងវិញ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាចជះឥទ្ធិពលដល់សង្គម-សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយទៀតផង។ ដូច្នេះ យើងសូមឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា រក្សាឲ្យបាននូវសណ្តាប់ធ្នាប់ សន្តិភាព និងជាពិសេស សន្តិសុខស្បៀង ក្នុងប្រទេស និងតំបន់ ដោយរក្សាឲ្យបាននូវលំហូរ នៃទំនិញសំខាន់ចាំបាច់ ដើម្បីកុំឲ្យប្រជាជនរបស់យើងជួបទុក្ខលំបាកថែមទៀត និងគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

ចំពោះការបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិនានាកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម ទាំងក្នុងនាមជាប្រទេសមួយក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២នេះផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×