Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃដំឡូងមីនាំចេញរបស់កម្ពុជាឆ្នាំនេះកើនឡើង និងមានលំនឹង ធ្វើឱ្យអ្នកប្រកបរបរដាំដំឡូងមីចាប់ផ្ដើមពង្រីកផ្ទៃដីជាបណ្ដើរៗ

ភ្នំពេញ ៖ ដំឡូងមីកម្ពុជា នៅឆ្នាំនេះ មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ទាំងការនាំចេញ និងតម្លៃ ដោយតម្លៃបានកើនឡើងចន្លោះពី ២០ ទៅ ៥០រៀល ក្នុងមួយគីឡូក្រាម ធ្វើឱ្យការនាំចេញរយៈពេល ៤ខែ ដើមឆ្នាំ២០២២នេះ បានជាង ១.៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។

មន្ត្រីកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ថា សម្រាប់ខេត្តបាត់ដំបង ឆ្នាំនេះ ផលិតដំឡូងមីបានប្រមាណជាង ៣លាន២សែនតោន ក្នុងនោះកើនឡើង ៦៥% ទៅ ៧០% បាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ។ ពោលគឺ ការផលិតដំឡូងមីនៅខេត្តបាត់ដំបងឆ្នាំ២០២២នេះ ល្អប្រសើរជាងឆ្នាំមុនបន្តិច ខណៈផ្ទៃដីដាំដំឡូងមីត្រូវបានពង្រីកបន្ថែម។

ប្រទេសវៀតណាម និងថៃ ជាទីផ្សារនាំចេញដំឡូងមីសំខាន់របស់កម្ពុជា ទាំងដំឡូងមីក្រៀម និងដំឡូងមីស្រស់, ចំណែកទីផ្សារនៅ អាមេរិក ណេតថឺឡែន (ហុល្លង់) និងអ៊ីតាលី យើងនាំចូលម្សៅដំឡូងមី។ ថ្មីៗនេះទៀត បន្ថែមប្រទេសចិន ក៏ជាទីផ្សារនាំចូលដំឡូងមីរបស់កម្ពុជាផងដែរ។

ការនាំចេញដំឡូងមីរបស់កម្ពុជារយៈពេល ៤ខែ សម្រាប់ដើមឆ្នាំ២០២២នេះ រួមមាន ÷ ចំណិតដំឡូងមីក្រៀម មានចំនួន ១ ៣៧១ ៥៩០តោន កើនឡើង១៦.៥៣%, ដំឡូងមីស្រស់មានចំនួន ៤១១ ៧០០តោន កើនឡើង៣៣.៧៨%, ម្សៅដំឡូងមី ៣២ ៤៩៦តោន កើនឡើង១០០% និងកាកសំណល់ដំឡូងមី ចំនួន ជាង ៦ ៥៨៩តោន កើនឡើង១០០%។

ក្រុមអ្នករកស៊ីប្រកបរបរដាំដំឡូងបានឲ្យដឹងផងដែរថា ទីផ្សារ និងតម្លៃដំឡូងមីឆ្នាំនេះ គឺមានភាពល្អប្រសើរ និងមានលំនឹងជាងឆ្នាំមុន ដោយដំឡូងមីស្រស់ ក្នុង១គីឡូក្រាម លក់ឱ្យឈ្មួញនាំចេញទៅវៀតណាម បានតម្លៃពី ៣២០រៀល ទៅ ៣៥០រៀល ខណៈដំឡូងក្រៀម អាចលក់បានជាង ៧០០រៀល ក្នុង ១គីឡូក្រាម ក្នុងពេលប្រមូលផលដើមដៃ, ហើយបច្ចុប្បន្នបានកើនឡើងដល់ជាង ៩០០រៀលក្នុងមួយគីឡូក្រាម, ប៉ុន្តែ ទោះជាយ៉ាងណា តម្លៃជីថ្នាំកសិកម្ម និងកម្លាំងពលកម្ម ក៏ត្រូវបានឡើងថ្លៃ និងជាការព្រួយបារម្ភផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×