ក្រោយពីត្រូវបានធ្វើកោសល្យវិច្ច័យច្រើនលើក អស់រយៈពេលជាង ៣ ខែ រួចមក សពរបស់តារាស្រី Tangmo Nida ត្រូវបានកំណត់បូជានៅវេលាម៉ោង ២ រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះហើយ ដោយមានមហាជន តារាល្បីៗ មិត្តភក្តិរបស់នាង ចូលរួមយ៉ាងច្រើនកុះករ ខណៈម្នាក់ៗបានបង្ហាញនូវក្តីរំជួលចិត្ត នឹកអាឡោះអាល័យដល់រូបនាងជាខ្លាំង។
ដោយឡែក ក្រឡេកមើលទិដ្ឋភាពនេះវិញ គឺពិតជាក្តុកក្តួលណាស់ ខណៈបានឃើញម្តាយរបស់នាងអ្នកស្រី Panida Sirayuthyothin និងមិត្តប្រុសរបស់នាងលោក Bird ស្ថិតក្នុងទឹកមុខក្រៀមក្រំខ្លោចផ្សារយ៉ាងខ្លាំង បានមកកាន់វិទ្យាស្ថានកោសល្យវិច្ច័យ នៃមន្ទីរពេទ្យ Thammasat University ដើម្បីទទួលសពរបស់នាងដាក់មឈូស យកទៅតម្កល់កន្លែងបូជា នៅឯព្រះវិហារ Methodist ស្ថិតក្នុងសង្កាត់ Rangsit ស្រុក Khlong ខេត្ដ Pathum Thani ។
ជាមួយគ្នានោះ អ្នកស្រី Panida បានបង្ហើបថា ថ្ងៃនេះ គាត់បានរៀបចំសម្លៀកបំពាក់ចំនួន២ ឲ្យកូនស្រី ក្នុងនោះមានរ៉ូបពណ៌ស ជាមួយខ្សែកបេនចារ៉ុង ដែល Tangmo ចូលចិត្ត និងមកុដកូនក្រមុំពណ៌ស ដើម្បីគ្របមុខកូនស្រី មុនពេលបញ្ជូនសពរបស់នាងទៅកាន់ព្រះវិហារ Methodist។
ក្រោយរៀបចំសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ឲ្យសពកូនស្រីជាលើកចុងក្រោយរួច អ្នកស្រី Panida ក៏បានពោលពាក្យក្នុងទឹកមុខយ៉ាងក្រៀមក្រំទៅកាន់មឈូសកូនស្រីថា សូមកូនស្រីបានទៅកាន់ទីបរមសុខ ទៅកើតជាទេវតា ណ៎ាកូនណ៎ា ហើយបើមានជាតិក្រោយពិត កើតជាមនុស្ស សូមកូនកើតជាកូនម៉ែទៀតណ៎ា ម៉ែរង់ចាំជានិច្ច…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














