ដូចដែលប្រិយមិត្តអ្នកតាមដានទាំងអស់គ្នា បានទទួលជ្រាបរួចហើយថា លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែងលះគ្នាដាច់ស្រឡះ និងស្ងប់ស្ងាត់ហាក់ពុំមានរឿងហែកហួរគ្នាទៀតទេ ខណៈដែលលោក ឌួង ឆាយ ក៏បានអ្នកថ្មីរួចហើយ។ តែយ៉ាងណាមិញ បើទោះជាសិទ្ធអំណាចមេបា គឺត្រូវធ្លាក់មកលើអ្នកមេម៉ាយរូបស្រស់នេះ ជាអ្នកចិញ្ចឹមបីបាច់កូនៗទាំងបីនាក់ក៏ដោយ ក៏អ្នកនាង ដេត ម៉ាលីណា មិនអាចកាត់ផ្តាច់មនោសញ្ញាតមិនឲ្យឪពុកជួបកូនៗនោះដែរ គឺត្រូវគោរពទៅតាមលក្ខខណ្ឌការលែងលះរបស់តុលាការ។
ហេតុនេះហើយ គេតែងឃើញលោក ឌួង ឆាយ មានឱកាសទៅយកកូនៗទាំងបីនាក់ ពីអ្នកនាង ដេត ម៉ាលីណា ទៅដើរលេងកម្សាន្ត រៀងរាល់ចុងសប្តាហ៍ និងក៏តែងមានវត្តមានអនាគតភរិយាទៅតាមជាមួយផងដែរ។ ហើយក្នុងអំឡុងពេលនោះ គេក៏បានឃើញគូដណ្តឹងលោក ឌួង ឆាយ បើទោះជាមិនមែនជាម្តាយបង្កើតពិតមែន ប៉ុន្តែ មើលទៅនាងហាក់ស្រលាញ់កូនៗទាំងពីរបស់លោក ឌួង ឆាយ ខ្លាំងណាស់ ដោយបានមើលថែដូចកូនបង្កើតអុីចឹង។
តែយ៉ាងណាមិញ ខណៈឃើញលោក ឌួង ឆាយ តែងឧស្សាហ៍នាំកូនដើរលេងជាមួយអនាគតភរិយា ពោរពេញទៅភាពរីករាយនោះ ក៏ស្រាប់តែអ្នកគាំទ្ររបស់ ដេត ម៉ាលីណា បានលើកជាចម្ងល់ និងសម្តែងការហួសចិត្តថា «បងស្រីខ្ញុំចង់ដឹងថាកូនៗៗបានទៅអ្នកណាបង ខ្ញុំឃើញប្ដីបងយកដើរលេងជាមួយអ្នកក្រោយខ្ញុំឃើញក៏ឈឺជំនួយបងដែល»។ តបទៅនឹងចម្ងល់ខាងលើនេះ ភ្លាមៗនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានឆ្លើយថា៖ «មិនអាចហាមបានគេមានគ្រួសារថ្មីចឹងហេីយ, ជីវិតបែបនេះត្រូវទទួលស្គាល់ការពិត»។
គួរបញ្ជាក់ថា ហ្វេនម្នាក់នោះបានលើកជាចម្ងល់ និងឈឺចិត្តជំនួសបែបនេះ គឺស្របពេលដែលអ្នកនាង ដេត ម៉ាលីណា បានប្តូររូប profile ហ្វេសប៊ុកថ្មី និងភ្ជាប់សំណេរយ៉ាងចាក់ដោតថា៖ «បានត្រឹមល្អមើល ងាយទេរក អ្នកដែលស្រឡាញ់យើងតែពិបាករកអ្នកដែលស្មោះត្រង់ជាមួយយើង ងាយឮពាក្យថាស្រឡាញ់ញឹកញាប់ តែមិនងាយឃើញទង្វើពិតប្រាកដ ព្រោះពួកគេបានតែនិយាយ គឺនិយាយឱ្យតែផុតពីមាត់ ជឿអត់ លីណា សូម្បីតែពាក្យស្រលាញ់មិនដែលមានអ្នកនិយាយប្រាប់ផង មានតែខ្លួនឯងនិយាយដាក់ខ្លួនឯង ជាពិសេសពីកូនៗប្រាប់រាល់ថ្ងៃម៉ង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











