Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​ហើយ​ទឹកភ្នែក​ហូរ! ភរិយា​វេជ្ជបណ្ឌិត ធី សាម​ឌី រៀបរាប់​ឡើង​ខ្សោះ​ខ្លួន បង​ដឹង​ទេ ៥ថ្ងៃហើយ ទឹកភ្នែក​អូន​ហូរ​មិនឈប់ មកវិញ​មក​ប្ដី អូន​នៅចាំ​បង​ណា…

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំជួលចិត្ត សោកសង្រេងយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ និងសារបង្ហោះរបស់ស្រ្តីជាភរិយាម្នាក់ ថ្លែងសរសើរប្តីគ្រប់ម៉ាត់ ព្រោះតែស្វាមីរបស់គាត់ជាមនុស្សដ៏ល្អកម្ររក ស្រឡាញ់ថ្នាក់ថ្នមប្រពន្ធកូនខ្លាំងណាស់ និងមិនដែលធ្វើឲ្យប្រពន្ធពិបាកចិត្តសូម្បីម្តងណាឡើយ ប៉ុន្តែ មិនគួរណា លោក ធី សាមឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារនៅមន្ទីរពេទ្យព្រះអង្គឌួង បែរជាត្រូវលាចាកលោកទាំងនៅវ័យក្មេង ដោយសារជំងឺគាំងបេះដូង។

នេះបើតាមស្រ្តីជាភរិយាដែលមានគណនីឈ្មោះ ម៉ាក់ នីសា បានបង្ហោះសាររៀបរាប់ពីគ្រាកំសត់ជាមួយគ្នា និងសរសើរពីទំហំទឹកចិត្តដ៏ល្អរបស់ស្វាមី ដែលមានអត្ថន័យខ្លឹមសារយ៉ាងវែងអន្លាយថា៖ «រូបនេះគឺអូនថតអោយបងចុងក្រោយ ប្ដីអូនល្អលើសហើយដឹងទេ 6ឆ្នាំ3ខែហើយដែលយើងរៀបការ បងមិនដែលទៅណាចោលអូនបាត់មួយយប់ទេ ទោះត្រូវថ្ងៃបងយាមពេទ្យក៏រត់មកផ្ទះជួយបិទទ្វាអោយប្រពន្ធ ហើយទៅយាមវិញ ប្រពន្ធឈរលក់យូរមិនបានរត់ទៅជួយជំនួសអោយអូនអង្គុយ មិនអោយឈរយូរទេខ្លាចឈឺជើង 6ឆ្នាំអូនមិនដែលហត់ចិត្តសោះ បងថ្មមផ្លូវចិត្ត និងកាយប្រពន្ធណាស់ មកពីធ្វើការហត់យ៉ាងណា ក៏រត់ថើបកូនសិនដែរ ជីវិតបងហត់នឿយណាស់ យើងតស៊ូមួយគ្នាតាំងពីញ៉ាំមីមួយកញ្ចប់2នាក់ យើងអត់ណាស់កាល 2017 អូនយំបងជូតទឹកភ្នែកអូន ហើយសុំទោសអូនថា នាំអូនមកពិបាកជាមួយ តែអូនពេញចិត្ត អូនសុខចិត្តគ្រប់យ៉ាងអោយតែបានក្បែរបង បងចាំទេកាលយើងមានកូនទីមួយបងសប្បាយចិត្តនឹងកូនមុខដូចបង100% បងប្រាប់អូនថាបងនឹងធ្វើអោយអូនមានក្ដីសុខ ទោះបងគ្មានសំភារៈនិយមក៏ដោយ។

បងដឹងទេ ប្រពន្ធបងពេលនេះមានអារម្មណ៏យ៉ាងណាពេលបងទៅមិនលា មិនបំពេញសន្យា មិនមើលមុខអូន និងកូន អូនដឹងថាបងធ្វើការរាល់ថ្ងៃលើសកំលាំង ឈឺមិនប្រាប់អូន ខ្លាចអូនបារម្ភ ប្ដីដឹងទេ ការចាកចេញនេះ ប្រពន្ធបងជិតឆ្គួតហើយ ប្ដីអូនសង្ហាណាស់ ចំណេះដឹងខ្ពង់ខ្ពស់ មានចរិកស្លូតបូត ស្មោះត្រង់ណាស់ 5ថ្ងៃហើយដែលបងទុកអូនអោយគេងគ្មានបង អូននឹកបងចង់អោបបងអោយពេញដៃដូចមុន ចង់អោយបងកាន់ដៃអូនពេលគេង អូនស្រលាញ់ប្ដីណាស់ អូននឹងរក្សាការស្រលាញ់ប្ដីក្នុងបេះដូងអូនអស់មួយជីវិត នាទីចុងក្រោយបងមានត្រឹមរូបថត អូននឹងសន្យាថាមើលកូនយើងទាំងពីរអោយល្អបំផុត សូមប្ដីទៅកាន់សុគតិភព សូមជាតិក្រោយកុំអាយុខ្លីចឹងទៀតណាបង សូមអោយបងល្អគ្រប់យ៉ាងដូចជាតិនេះ ហើយកុំស្គាល់ពាក្យថាហត់នឿយ អាយុវែងដល់ចាស់កោងខ្នង លាហើយមនុស្សល្អរបស់អូនអើយ អូនដឹងថាបងបារម្ភរឿងអូនឈឺជើង តែបងកុំបារម្ភអី ពេលអូនឈឺអូននឹងទៅពេទ្យខ្លួនឯង បងដឹងហើយថាប្រពន្ធបងខ្លាំងគ្រប់យ៉ាង អូននឹងដើរទៅរួច អូនសន្យាណាប្ដីសំលាញ់ចិត្ត thy samedy»។

ក្រោយពីបានអានសំណេររបស់ស្រ្តីជាប្រពន្ធរួច គ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំជួលចិត្ត ស្ទើរតែទប់ទឹកភ្នែកពុំជាប់ និងបានយល់នូវអារម្មណ៍មួយនេះថា៖ «គាត់សសើរ គឺសសើរដោយទឹកភ្នែក អត្ថន័យគ្រប់ម៉ាត់គ្រប់ពាក្យស្តែងចេញនូវការនឹក សង្វែគ សោកស្តាយ ការឈឺចាប់ ការដង្ហើយហៅ ការមិនចង់បាត់បង់ សូម្បីតែអារម្មណ៍អ្នកអានសំណេរគាត់ក៏ហូរទឹកភ្នែកតាមដែរ ស៊ូណាចែ រឹងមាំនៅមានកូនៗទៀត ត្រូវគិតថាគ្មានការជួបជុំណាដែលមិនបែកគ្នានោះទេ មានតែពាក្យថាស៊ូ និងរឹងមាំបន្ត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×