ប្រិយមិត្តបានស្គាល់ច្បាស់ហើយ គ្រូមហាជ័យ បារមីស្តេចនាគ ដែលត្រូវបានចាត់ទុកថា ល្បីឈ្មោះខ្លាំងបំផុត នៅលើពិពភពអនឡាញ គឺល្បីត្រូវមហាជនជេរប្រមាថធ្ងន់ៗ បន្ទាប់ពីបានចេញមុខអះអាងថាខ្លួនមានបារមីប្ញទ្ធីខ្លាំងពូកែថា ខ្លួនជាអ្នកហៅទឹកភ្លៀង នាំមកជាមួយផ្គររន្ទះ ចំពេលរដូវកក់ខែ។
ដោយឡែក មួយរយៈចុងក្រោយនេះ គ្រូមហាជ័យ បានធ្វើឲ្យផ្ទុះកក្រើកពេញពិភពអនឡាញជាថ្មី ក្រោយពីបានទៅធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ នៅលើផ្ទៃទន្លេចតុមុខ ហើយក៏ត្រូវស្តេចចូលសន្ថិត រួមទាំងដៃគូគ្រូមហាជុំ និង «ភីលៀង» ឆ្វេងស្តាំ២នាក់ រាំពេនពន់ បញ្ចេញក្បាច់ប្លែកៗ ដែលឃើញហើយពិតជាគួរឲ្យអស់សំណើខ្លាំងតែម្តង។
ក្រោយពីបានធ្វើរឿងដ៏មហាហួសថ្លែងនេះរួច គេក៏បានឃើញបុគ្គលប្រើប្រាស់បណ្តាញសង្គមដ៏ល្បីៗឈ្មោះ បានចេញមកព្រលះគ្រូរូបនេះយ៉ាងចាស់ៗដៃ ដែលក្នុងនោះ អ្នកខ្លះដល់ថ្នាក់ប្រើពាក្យចំអកចង់សំពងក្បាលគូ្រទៀតផង។
ពិតណាស់ ចាប់តាំងពីល្បី «នាគ» ចូលសន្ថិត ឡើងកក្រើកផ្ទៃទន្លេរួចមក គ្រូមហាជ័យ ក៏ចាប់ផ្តើមរងព្យុះរិះគន់ ពិសេសការជេរប្រមាថកប់ៗ ពីសំណាក់អ្នកលេងបណ្តាញសង្គម ដោយម្នាក់ៗហាក់មិនខ្លាចការព្រមានរបស់គ្រូឲ្យមេធាវីទៅអញ្ជើញដល់ផ្ទះសោះឡើយ។
តែទោះជាយ៉ាងណា ដោយសារតែមិនអាច «ទប់ទល់» ទៅនឹងការជេរប្រមាថបាន នៅពេលនេះ គ្រូមហាជ័យ ទាល់តំរិះ បានចេញមកដាក់បណ្តាសាបុគ្គលម្នាក់ ដែលបានប្រើពាក្យសម្តីដ៏មិនសមរម្យជេរប្រមាថខ្លួនធ្ងន់ៗ ដោយសូមឲ្យព្រះធរណីស្រូប គេចមិនផុតវាលបីអន្លង់បួនហ្នឹង…ទេ!។
ក្រោយពីបានឃើញគ្រូមកដាក់បណ្តាសាបែបនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងជាន់បន្ថែមថា៖ «ពាក្យនេះអ្នកមានបារមីគេមិននិយាយមកទេ ព្រោះពាក្យអ្នកមានបារមីគេខ្មាសបាប, ចិញ្ចើមជាប់គ្នាហើយ នៅតែដុះចង្កូមទេ គឺត្រកូលនាគហើយ, យើងខ្មែរដូចគ្នាដាក់ទៅបង ករុណា សួគ៌,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









