Thursday, June 30, 2022

នគរបាលច្រានចោល ការផ្សាយព័ត៌មានថា សមត្ថកិច្ចបានឃើញរថយន្តចតលើការ៉ូឡា រួចបានណែនាំ និង ទារលុយចំនួន៣០០ដុល្លារ ពីម្ចាស់រថយន្ត

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុច្រានចោលការផ្សាយព័ត៌មានថា សមត្ថកិច្ចបានឃើញរថយន្តចតលើការ៉ូឡា រួចបានណែនាំ និង ទារលុយចំនួន៣០០ដុល្លារពីម្ចាស់រថយន្ត ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ក្រោយឃើញការបង្ហោះចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គម Tik Tok ដោយឈ្មោះ @danh rayout415 ដែលបានបង្ហោះវីដេអូបង្អាប់បង្ខូចករណី កម្លាំងជំនាញចុះរឹតបន្តឹងសណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២២ រួចមកភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តចាត់ឲ្យស្រាវជ្រាវជាបន្ទាន់ ។

ជាលទ្ធផល ការិយាល័យសណ្តាប់ធ្នាប់បានអោយដឹងថា ម្ចាស់គណនី Tik Tok ខាងលើមានឈ្មោះពិត វា យ៉ុត ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយពីធ្វើការអប់រំរួចមក សាម៉ីខ្លួនបានសរសេរលិខិតសុំទោស ពីការចេញវីដេអូខ្លីបបង្ហោះក្នុងTikTok ជាសារធារណៈ ថាកាលពីថ្ងៃទី២៥ ខែ០៥ ឆ្នាំ២០២២ មន្ត្រីនគរបាលការិយាល័យសណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ឃើញរថយន្តរបស់គាត់ចតលើការ៉ូឡា បានណែនាំគាត់ រួចហើយទារលុយចំនួន៣០០ដុល្លារ ការពិតសមត្ថកិច្ចមិនបានទារលុយ៣០០ដុល្លារពីគាត់នោះទេ គាត់គ្រាន់តែនិយាយដាក់ក្នុង TikTok ដោយខ្លួនឯងតែប៉ុណ្ណោះ ។

ឈ្មោះខាងលើបានសារភាព និងចេញវីដេអូខ្លីបបង្ហោះដាក់តិចតុកបំភ្លឺជាសាធារណៈកុំភ័ន្តច្រឡំការនិយាយរបស់គាត់មិនពិតទេ សមត្ថកិច្ចមិនបានទារលុយគាត់៣០០ដុល្លារនោះទេ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី