Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប ពង្រីកកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍន៍ធនធានមនុស្ស

spot_img

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបតិ្តក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប នាទីសី្តការក្រសួង រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ និងការកោតសរសើរចំពោះធុរៈកិច្ចអាស៊ាន-អឺរ៉ុប ជាពិសេសមូលនិធិអាស៊ី-អឺរ៉ុប ដែលបានសហការគាំទ្រ ក្រសួង ក្នុងការរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅកម្ពុជា ទោះបីក្នុងកាលៈទេសៈ ដែលពិភពលោក និងកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានផលិតផលសុខភាពមកពីបណ្តាប្រទេសអឺរ៉ុប ចំនួនប្រមាណជាង៤០០០មុខ បានចុះបញ្ជិកានៅក្រសួងសុខាភិបាល និងបានចរាចរនៅលើទីផ្សារកម្ពុជា។

ជាមួយគ្នានោះ លោកនាយកប្រតិបតិ្តក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចឲ្យបើកដំណើរការប្រទេសបានឡើងវិញ។

លោកនាយកប្រតិបតិ្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យជនបរទេសទាំងអស់ស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ រួមទាំងអ្នកវិនិយោគ និងធុរៈជនអឺរ៉ុប ក៏សូម ថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការគាំទ្រដល់ធុរៈកិច្ចរបស់អឺរ៉ុប ជាពិសេសក្នុងការចុះបញ្ជិកាផលិតផលសុខភាព និងបានស្នើសុំក្រសួងសុខាភិបាល បន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបតិ្តការឲ្យកាន់តែទូលំទូលាយថែមទៀតលើវិស័យសុខាភិបាល។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប និងស្នើសុំពង្រីកកិច្ចសហប្រតិបតិ្តការ រវាងក្រសួងសុខាភិបាល និងក្រុមប្រឹក្សាភិបាលធុរៈកិច្ចអាស៊ាន-អឺរ៉ុប មិនត្រឹមតែអាស៊ានទេ តែក្នុងក្របខ័ណ្ឌទ្វេភាគី ជាពិសេសលើការអភិវឌ្ឍន៍ធនធានមនុស្ស។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបតិ្តការរវាងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អឺរ៉ុប និងកម្ពុជា៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×