ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិនតៃវ៉ាន់៤នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក និង លួចលាក់កែច្នៃផលិតសារធាតុញៀនជាង១៤០០ គីឡូក្រាម និងសារធាតុគីមីជាង១១តោន ប្រព្រឹត្តនៅរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ ។
គោលដៅទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ គោលដៅទី២៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងចំណុចទី៣៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់តុលាការដំបូងរាជធានីភ្នំពេញបានឱ្យដឹងថាជនជាប់ចោទជនជាតិចិន៤នាក់មាន៖១- ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ ២៨ឆ្នាំ (មេការ) ២-ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ ។ ៣-ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ ២៨ឆ្នាំ ។ ៤-ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ ៣៩ឆ្នាំ ។
ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ជួញដូរ រក្សាទុកនិង ផលិតដោយខុសច្បាប់ នូវ សារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ជនត្រូវចោទជនជាតិចិន ត្រូវបាន សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនរួមមាន៖ -ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ – ថាំ្នញៀនប្រភេទកេតា មីន ទម្ងន់ជាង ៤១kg -ល្បាយ សារធាតុ ញៀន កេតាមីន ទម្ងន់ ១៤២៥kg -ថ្នាំ គ្រាប់ នីមេតាហ្សេប៉ាមទម្ងន់០.៩g និង សារធាតុគីមីផ្សំជាង១១ តោន៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា




