ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទអន្តរជាតិ លើកទី ២៧ ស្តីពី អនាគតរបស់អាស៊ីក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។
សុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្នុងបរិការណ៍ ដែលពិភពលោកបាន និង កំពុងទទួលរងនូវសម្ពាធពីបញ្ហាអស្ថិរភាព, ភាពមិនប្រាកដប្រជា និង ជាពិសេសការបែកខ្ញែក, អាស៊ីមានសក្តានុពលខ្ពស់ និង អាចដើរតួនាទីជាតួអង្គស្នួល ក្នុងការ សម្របសម្រួល, តភ្ជាប់ និង ផ្តួចផ្តើមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ។ ក្នុងទិដ្ឋភាពសង្គម និង នយោបាយ, អាស៊ីធ្លាប់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនរហូតដល់ចុងសតវត្សរ៍ទី ២០ ។ នៅក្នុងសតវត្សរ៍ទី ២១នេះ, ទោះបីជាបញ្ហាសង្គម និង នយោបាយនៅបន្តកើតមាននៅក្នុងប្រទេសមួយចំនួន, អាស៊ីជារួម បានក្លាយជា ទ្វីបមួយ ដែលមានសន្តិសុខ, សន្តិភាព និង ស្ថិរភាព ហើយក៏កំពុងស្ថិតនៅក្នុងដំណើរយ៉ាងលឿនឆ្ពោះទៅរក វិបុលភាពរួម ។ អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនោះ គឺសមិទ្ធផលទាំងនេះសម្រេចបាននៅក្នុងទ្វីបមួយ ដែល មានភាពខុសគ្នា និង ភាពចម្រុះនៃពូជសាសន៍, វប្បធម៌, សាសនា, និន្នាការនយោបាយ និង ប្រព័ន្ធសេដ្ឋកិច្ច។

ជារួម, មូលបទរបស់យើងនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យរួចហើយថា អាស៊ីអាចដើរតួឈានមុខ ក្នុង ការតភ្ជាប់សកលលោកដែលបែកខ្ញែក ជាពិសេសតាមរយៈការចាប់ផ្តើមពីការជំរុញនូវការរួបរួម និង ការលើក កម្ពស់សាមគ្គីភាព និង ការជួយគ្នាទៅវិញទៅមក ។ សាមគ្គីភាពអាស៊ី នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅរកសាមគ្គីភាពសកលលោក ព្រមទាំងជានិមិត្តសញ្ញា និង ភស្តុតាងមួយក្នុងប្រវត្តិសាស្ត្រ ពិភពលោក ដែលបញ្ជាក់ថា សាមគ្គីភាពនឹងនាំមកនូវសន្តិសុខ, សន្តិភាព, ស្ថិរភាព និង វិបុលភាពរួមគ្នា យ៉ាង ពិតប្រាកដ ទោះបីជាមានភាពខុសគ្នា ឬ ភាពចម្រុះ យ៉ាងណាក្ដី ។
បច្ចុប្បន្ន, ពិភពលោកទាំងមូលបាន និង កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន ។ ជាក់ស្ដែង, ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយទៅវិញក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់, ក៏ការងើបចេញពីវិបត្តិ នេះទាំងអស់គ្នា នៅតែជាក្តីស្រមៃមួយនៅឡើយ ហើយវិបត្តិនេះក៏បាននាំមកនូវគម្លាតកាន់តែធំឡើងរវាង ប្រទេសអភិវឌ្ឍ និង ប្រទេសកំពុងអភិវឌ្ឍ ។ ខណៈដែលប្រទេសជាច្រើន, រួមទាំងកម្ពុជា, បានចាប់ផ្តើមបើក ប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ, យើងសង្កេតឃើញថា នៅមានបណ្តាប្រទេស កំពុងអភិវឌ្ឍមួយចំនួនកំពុងបន្តជួបប្រទះនូវការឆ្លងរាលដាល ក៏ដូចជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំង និង ធនធានចាំបាច់នានា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយប្រទេសខ្លះទៀត ក៏បានធ្លាក់ខ្លួនកាន់តែជ្រៅ ទៅក្នុងវិបត្តិសេដ្ឋកិច្ច និង ចលាចលសង្គម ។
ស្របពេលជាមួយគ្នានេះដែរ ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កឱ្យបរិយាកាសសន្តិសុខ សកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និង អាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត, ជាពិសេស បច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញនៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, សង្គ្រាមនេះបានបង្ហាញយ៉ាងប្រចក្ស ពីការវិល ត្រឡប់មកវិញ នូវការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាន និងកំពុងធ្វើ ឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និង ការបែងចែកប៉ូលមនោគមវិជ្ជា និង ភូមិសាស្ត នយោបាយ និង ធ្វើឱ្យរដ្ឋតូចៗ ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ ។ ជាការពិត, ការណ៍នឹងបង្កើតនូវផលវិបាកជាច្រើនសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង ។
ជាមួយនឹងការប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងតំបន់ និង ជាសកល, អាស៊ីក៏មានភាព ចាំបាច់ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយបញ្ហាផ្សេងៗទៀតផងដែរ ដូចជា តម្រូវការ ក្នុងការបន្តពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, ការដោះស្រាយនូវផលប៉ះពាល់ដែលបន្សល់ (scarring effects) ពីជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ, ការចាប់យកកាលានុវត្តភាពពីឌីជីថលូបនីយកម្ម ជាដើម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចតំបន់ឱ្យងើបឡើងវិញ ប្រកបដោយចីរភាព និង បរិយាបន្ន, ជា ពិសេស បន្តធានាបាននូវតួនាទីរបស់អាស៊ី ជាមជ្ឈមណ្ឌលនៃកំណើនរបស់សកលលោក ។

នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើ សម្តេចតេជោ សូមចែករំលែកនូវមតិ និងយោបល់ ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោក ដែលបែកខ្ញែក ដូចខាងក្រោម៖
ទី១៖ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និងឯករាជ្យភាព គ្នាទៅវិញទៅមក រួមទាំងជម្រើសនៃការដឹកនាំដែលស្របតាមលក្ខខណ្ឌ និងលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ។ ទន្ទឹមនេះដែរ ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍នៃសន្តិសហវិជ្ជមាន ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណតម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និងបរិយាបន្ន ។
ទី២៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង«កិច្ចសហប្រតិបត្តិការអន្ដរជាតិ ផ្អែកលើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្ដរជាតិ ព្រមទាំងគោលការណ៍ និងគោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ ។
ទី៣៖ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ មានតម្លាភាព ប្រកបដោយបរិយាបន្ន បំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហ-ប្រតិបតិ្តការក្នុងតំបន់ ។ ក្នុងន័យនេះ យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបតិ្តការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។

ទី៤៖ យើងត្រូវបន្តរក្សា និងពង្រឹងនូវការឯកភាព និងសាមគ្គីភាពរវាងបណ្ដាប្រទេសនានា ក្នុងទ្វីបអាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនានា ក្នុងតំបន់ និងពិភពលោក ។ ក្នុងន័យនេះ អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅ ប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។ អាស៊ាន តាមរយៈយន្តការនានា ដូចជា អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក បានប្រមូលផ្តុំមហាអំណាចធំៗ មហាអំណាចទំហំមធ្យម និងរដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាងជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបន- កម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ានជាស្នូល ។
ទី៥៖ យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និងជំរុញសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន តាមរយៈ ៖ (១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ (២). ការបន្តផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម (៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ (៤). ការចាប់យកកាលានុវត្តភាព ពីបរិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការធ្វើអន្តរកាល ថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






