ភ្នំពេញ៖ សម្តេចតេជោ បានអះអាងថា ការដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចឈានទៅដឹកនាំប្រទេសបន្តពីសម្តេចបាន គឺចំណុះលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺឆ្លើយតបទៅនឹងសំណួរក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពី អនាគតរបស់អាស៊ី រៀបចំឡើងដោយក្រុមហ៊ុននីកកេ (Nikkei Inc.) របស់ជប៉ុន តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។
ក្នុងសន្និសីទនេះ អ្នកសម្របសម្រួលកម្មវិធី ដែលតែងតែចោទសួរសំណួរក្តៅៗទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីនោះ បានចោទសួរសំណួរចំនួនពីរពាក់ព័ន្ធកម្ចីរបស់ចិន និងការតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ឆ្លើយតបនឹងសំនួរអ្នកកាសែតអំពីបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់គណបក្សប្រជាជនកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា អាចប្រព្រឹត្តិទៅនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះគឺនៅឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាដដែល។
សម្តេចតេជោ ហ៊ុ ន សែន ប្រកាសទៅអ្នកតិទៀនរឿងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ាណែត សូមអញ្ជើញបន្តតិទៀនបន្តទៅទៀតចុះ តែសម្រាប់កម្ពុជា គឺអ្វីៗត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងទៀតទាត់ តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើ ហ៊ុន ម៉ាណែត មិនល្អ ឬមិនស័ក្តិសមសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក៏គ្មានការឯកភាពផ្ទៃក្នុងបក្សដែរ។ សម្តេចបញ្ជាក់ថា «បើកូនខ្ញុំមិនល្អ ក៏គ្មានការសម្រេចឯកភាពសម្រាប់បេក្ខភាពបន្តវេនដែរ។ បើកូនខ្ញុំមិនកើត ខ្ញុំមិនអនុញ្ញាតឱ្យកូនគាត់មកបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ប្រជាជន និងទឹកដីកម្ពុជានោះទេ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ទោះហ៊ុន ម៉ាណែត ឬមិន ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនក៏ដោយ វាអាស្រ័យលើការបោះឆ្នោតរបស់ប្រជាជនឯណោះទៅវិញទេ។ បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត វាមិនត្រឹមតែបាត់ ហ៊ុន ម៉ាណែត ម្នាក់ឯងឡើយ ហ៊ុន សែន ក៏បាត់ដូចគ្នា ដូច្នេះមុននឹងមានការតិទៀលើបញ្ហានេះ សូមមើលឱ្យបានច្បាស់ពីទិដ្ឋភាពជាក់ស្តែង និងការប្រព្រឹត្តិទៅរបស់កម្ពុជាជាមុនសិន»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសតាំងរួចហើយជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ប៉ុន្តែពេលវេលានឹងឡើងទៅជំនួសសម្តេចនាពេលណា គឺទុកមួយអន្លើសិន ហើយការបោះឆ្នោតអាណត្តិទី៧ គឺសម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា ការឈ្នះតំណែងនាយករដ្ឋមន្ត្រី គឺពឹងផ្អែកលើការបោះឆ្នោត ដូច្នេះបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត គឺមិនត្រឹមតែឯកឧត្តម ហ៊ុន ម៉ាណែត ទេ ដែលបាត់បង់តំណែង សូម្បីសម្តេចក៏នឹងបាត់បង់ដែរ។ ត្រង់ចំណុចនេះ សម្តេចតេជោ ចង់សង្កត់ធ្ងន់ថា តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជា គឺពឹងអាស្រ័យទាំងស្រុងលើការបោះឆ្នោត មិនមែនចំណុះលើការតែងតាំងចេញពីបក្សនោះឡើយ។
សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបន្តវេន ឬមិនបន្តវេន វាចំណុះលើប្រជាជនបោះឆ្នោតឱ្យ ឬអត់? បើសិនជាប្រជាជនបោះឆ្នោតឱ្យ គឺបញ្ហានេះ វាមិនមែនជាការផ្ទេរតំណែងដោយចិត្តឯងនោះទេ គឺប្រជាជនជាអ្នកគាំទ្រ។ អ៊ីចឹងនៅពេលបោះឆ្នោតខាងមុខ បើប្រជាជនបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជនបន្តវេន គឺបានសេចក្តីថា ប្រជាជនយល់ស្របឱ្យគណបក្សប្រជាជនដឹកនាំ ហើយដឹកនាំដោយ ហ៊ុន សែន បន្តទៅដឹកនាំដោយ ហ៊ុន ម៉ាណែត។ នេះជារឿងធម្មតា ប៉ុន្តែបើគណបក្សប្រជាជនចាញ់ វាបាត់ទាំង ហ៊ុន សែន ហើយវាបាត់ទាំង ហ៊ុន ម៉ាណែត តែម្តង។បើយើងខ្ញុំមិនធ្វើការបោះឆ្នោត ហើយផ្ទេរអំណាចឱ្យកូន ទើបជារឿងដែលគេនិយាយត្រឹមត្រូវ ខ្ញុំទទួលយក។ ប៉ុន្តែនៅពេលមានការបោះឆ្នោតបែបនេះ ខ្ញុំមិនអាចទទួលយកនូវការតិះទៀនណាមួយនោះទេ»។
ឆ្លើយតបការតិទៀន រឿងតែងតាំងកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាសំណួរសួរទៅអ្នកតិះទៀនដែរថា តើពួកគេចង់ឱ្យកូនខ្លួនឯងរកស៊ីមានបាន និងមានការងារល្អធ្វើទេ? សម្រាប់សម្តេច ក៏ដូចជាមនុស្សទាំងនោះដែរ បើពួកគេចង់ឱ្យកូនចៅខ្លួនមានការងារធ្វើល្អ ហេតុអ្វីសម្តេចគ្មានសិទ្ធិ?

សម្តេចតេជោ បានចោទសួរបែបនេះ «អ្នកដទៃទៀតឆ្លើយមក និយាយមក។ ខ្លួនឯងកំពុងតស៊ូដើម្បីអ្វី? ដើម្បីអំណាច ហើយខ្លួនឯងក៏ចង់ឱ្យកូនខ្លួនឯងទៅធ្វើអ្នកធំដែរ ចុះហេតុអ្វីត្រូវដកសិទ្ធិខ្ញុំ មកតិះទៀនខ្ញុំ»។
សម្តេចតេជោ បានអះអាងថា សម្តេចប្រឹងប្រែងក្នុងការបណ្តុះបណ្តាលកូនមក គឺចង់ឱ្យមានជោគវាសនាល្អ ហើយការដែលសម្តេចតែងតាំងឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខជននាយករដ្ឋមន្តវេន ក៏ព្រោះតែលោកមានចំណេះដឹង និងលទ្ធភាពគ្រប់គ្រាន់។
សម្តេចតេជោ បានលើកឡើងថា «បើកូនខ្ញុំគ្មានចំណេះដឹងគ្រប់គ្រាន់ គ្មានលទ្ធភាពគ្រប់គ្រាន់ ខ្ញុំក៏មិនបណ្តោយឱ្យសមិទ្ធផលដែលឪពុករបស់វា រួមចំណែកជាមួយនឹងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា កសាងជាង ៤៣ឆ្នាំ ឱ្យរបូតពីដៃនោះទេ។ ប៉ុន្តែខ្ញុំបានបណ្តុះបណ្តាលកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំ៣នាក់ អាចមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីទាំង៣នាក់ ក៏ប៉ុន្តែពួកគេមិនដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រីទេ»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



