ភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួន ជនសង្ស័យ៤នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យ៤នាក់មាន៖ ១-ឈ្មោះ ដួង សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ។២-ឈ្មោះ ប៉ុញ សារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ ៣-ឈ្មោះ ទី សំអូន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ។ អ្នកទាំងបីនាក់ មានទីលំនៅ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ ៤- ឈ្មោះ សូ ឧត្តមរាសី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

ពួកគេ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពី ថ្ងៃ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២ នៅក្នុងលំនៅដ្ឋានម្ចាស់ផ្ទះ ឈ្មោះ ដួង សាវ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០២កញ្ចប់ ទម្ងន់ ៣៧,៦៨ ក្រាម, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង – ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន ០៥គ្រឿង – សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននេះ ជនសង្ស័យ៤នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



