Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ៖ ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១-២៦ ខែឧសភា បានប្រព្រឹត្តទៅដោយរលូន

spot_img

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.បក្រោមអធិបតីភាពរបស់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជា អ្នកនាំពាក្យ និងជាប្រធានដឹកនាំកិច្ចប្រជុំ។

ឯកឧត្តម ហង្ស ពុទ្ធា បានវាយតម្លៃថា ដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឃុំ សង្កាត់។

ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្តទៀតថា ជាទូទៅគណបក្សនយោបាយចំនួន ១៧ បានជូនដំណឹងអំពីការធ្វើសកម្មភាពឃោសនារបស់គណបក្សខ្លួននៅតាមឃុំ សង្កាត់ ដែលគណបក្សទាំងនោះបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ រយៈពេលឃោសនាបោះឆ្នោត ៦ថ្ងៃកន្លងមកនេះ ក្រៅពីសកម្មភាពហែក្បួនឃោសនា គណបក្សនយោបាយបានរៀបចំជាក្បួនតូចៗ ធ្វើដំណើរក្នុងឃុំ សង្កាត់ ដើម្បីជួបជាមួយអ្នកគាំទ្ររបស់ខ្លួន និងមានសកម្មភាពជួបប្រជុំនៅលើទីតាំងក្នុងឃុំ សង្កាត់ ការចាក់មេក្រូនៅទីស្នាក់ការរបស់គណបក្ស និងមេក្រូចល័តក្នុងឃុំ សង្កាត់ ការចុះទៅជួបប្រជាពលរដ្ឋតាមផ្ទះ តាមទីសាធារណៈ ការចែកខិត្តប័ណ្ណ ការបិទផ្សាយនូវរូបភាព និងបដាស្តីពីគោលនយោបាយ និងសារនយោបាយរបស់គណបក្ស។
ឯកឧត្តម ហង្ស ពុទ្ធា បានបន្តទៀតថា គណបក្សនយោបាយទាំង ១៧ ក៏មានឱកាសស្មើគ្នា នៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ តាមរយៈកម្មវិធីស្មើភាពដែលរៀបចំឡើងដោយ គ.ជ.ប ដើម្បីឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការឃោសនា បោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×