Wednesday, June 29, 2022

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងបែងចែក

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ក្នុងសង្គមប្រជាធិបតេយ្យ យើងអាចមានជម្រើសច្រើន ប៉ុន្តែយើងមិនត្រូវបោះឆ្នោតដើម្បីតែប្រយោជន៍របស់គណបក្សណាមួយនោះឡើយ។ គណបក្សនយោបាយ គ្រាន់តែជាបេក្ខភាពដើម្បីបម្រើរាស្ត្រតែប៉ុណ្ណោះ។ ដូច្នេះ គឺជាការចាំបាច់ណាស់ ដែលយើងត្រូវបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិយើង។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងន័យនេះ គណបក្សដែលល្អបំផុត គឺគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ក្នុងអតីតកាល, មានសមត្ថភាពថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានាបាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេសដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា ជារួម គឺគ្មានគណបក្សណាក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាក់ស្តែង ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ ដោយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុត។ ដូច្នេះ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ “សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស” ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឱ្យគ្រប់ ១០០% នោះទេ។ រដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង។

ចំពោះជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនវិញ គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”៕ រក្សាសិទ្ធិដោយៈ ចេស្តារ