ភ្នំពេញ ៖ នារីរូបស្រស់៣នាក់ ជិះម៉ូតូចេញពីកោះពេជ្រត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកប៊ីតមួយគ្រឿង ធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទ iPhone មួយគ្រឿង បានសម្រេចរួចនារីរងគ្រោះជិះម៉ូតូ ដេញតាមមកដល់លើស្ពានអាកាសស្ទឹងមានជ័យ ក៏ដួលរងរបួសធ្ងន់ស្រាល ចំណែកឯជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៥ព្រឹងថ្ងៃសៅរ៍ទី២៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវម៉ៅសេទុង កែងនិងផ្លូវ៥៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបនាង និងមិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហមលាយខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1GG-9729 ជិះឌុបគ្នាតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង រួចបានបត់ស្តាំកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកប៊ីត ពណ៌ក្រហមមួយគ្រឿង មិនចាំផ្លាកលេខក៏ឈោងដៃឆ.ក់យកទូរស័ព្ទ iPhoneមួយគ្រឿង ពីដៃបានសម្រេច រួចជនសង្ស័យក៏បានជិះរត់គេចខ្លួន បន្ទាប់មកនារីរងគ្រោះបានជិះម៉ូតូដេញតាមក្រោយ ពីផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ រហូតមកដល់ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ បណ្តាលឲ្យនារីរងគ្រោះដួលបោកនៅនឹងថ្នល់ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗ ចំណែកឯជនសង្ស័យ បានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីទួទួលដំណឹងថា មានជនសង្ស័យឆ.ក់ទូរស័ព្ទ និងបណ្តាលនារី៣នាក់រងរបួសនោះ សមត្ថកិច្ចខណ្ឌចំការមន ក៏ចុះមកពិនិត្យទីតាំងកន្លែងកើតហេតុភ្លាមៗ ដោយឃើញថា កើតហេតុ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
បច្ចុប្បន្ននារីរងគ្រោះទាំង ៣នាក់ កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យឯកជនមួយកន្លែងក្នុងខណ្ឌមានជ័យ៕ រក្សាសិទ្ធិដោយ ៖ សាមេត








