ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានដឹងថា លោកពូជាកសិករម្នាក់ អាចរកចំណូលបានរាប់សិបលាន ក្នុងមួយឆ្នាំៗ ពីការចិញ្ចឹមគោ ក្របី ដោយផ្ទាល់ខ្លួន នៅក្នុងទឹកដីខេត្តព្រះវិហារ។
នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន (Ministry of Environment) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានចែករំលែកឲ្យដឹងថា លោក ណម គីម ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិ អភិវឌ្ឍន៍ព្រៃវែង ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោកបានចាប់មុខរបរចិញ្ចឹមសត្វគោ ក្របីអស់រយៈពេល ១០ ឆ្នាំ មកហើយ។
បច្ចុប្បន្ន លោកមានគោ ១៣០ ក្បាល និង ក្របី ៥០ ក្បាល។ ក្នុង១ឆ្នាំ គោរបស់គាត់កើនឡើងប្រមាណជា ៤០ ទៅ ៥០ ក្បាល និង ក្របីកើនឡើងប្រមាណជា ១០ ក្បាល។ ជារៀងរាល់ឆ្នាំ លោកបានលក់គោ និង ក្របីមួយចំនួន ដោយទទួលបានថវិកា ចន្លោះពី ៤០ លានរៀល ទៅ ៥០ លានរៀល។ សម្រាប់លាមកសត្វវិញ លោកប្រើប្រាស់សម្រាប់ធ្វើជីដាក់ស្រែ និង សល់ លោកលក់ទៅឱ្យអ្នកដទៃ ដោយទទួលបានថវិកា ប្រមាណជា ៤ លានរៀលទៀត ក្នុង ១ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





