ភ្នំពេញ ៖ តារាសម្តែងអ្នកនាង ទឹម រដ្ឋា បានចេញមុខធ្វើការបដិសេធចំពោះពាក្យចចាមអារាមដែលបានលើកឡើងថា នាងបានបញ្ចប់អាជីពសិល្ប:ហើយ បន្ទាប់រៀបការមានស្វាមី, ការចេញមុខពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមួយរយ:ចុងក្រោយ នាងហាក់ឃ្លាតឆ្ងាយបន្តិចពីការងារសិល្ប:ក្រោយចូលរោងការ ដែលនោះជាហេតុនាំអោយគេគិតថា នាងទំនងជានឹងបញ្ចប់អាជីពសិល្ប: ដោយងាកទៅចាប់នុខរបរថ្មីផ្ទាល់ខ្លួន និងយកពេលមើលថែគ្រួសារហើយ។
យ៉ាងណាតារានេះបញ្ជាក់ថា នាងរហូតមកទល់នាពេលនេះ មិនមានបំណងណាមួយបោះបង់ចោលអាជីពសិល្ប:ត្រឹមនេះឡើយ ដោយសារនៅតែស្រឡាញ់សិល្ប:ដដែល។

ទឹម រដ្ឋា បានប្រកាសតាមរយ:សារដែលបានបង្ហោះតាមហ្វេសប៊ុកថា អ្នកណាខូចមាត់ថា ខ្ញុំឈប់ទទួលថត ចេញមុខមក សិល្ប: គឺជាវិថីជីវិតរបស់នាង។
ចាប់តាំងពីចូលរោងការមានស្វាមីមក តារាសម្តែងនាង ទឹម រដ្ឋា ហាក់នៅមិនទាន់បញ្ចេញស្នាដៃថ្មីនៅក្នុងអាជីពសិល្ប:របស់ខ្លួនឡើយ ដោយសារនាងកំពុងជាប់ដៃបើកជំនួញផ្ទាល់ខ្លួន។ យ៉ាងណា តារារូបនេះក៏នៅតែមិនទាន់ទៅណាឆ្ងាយពីសង្គមសិល្ប:នេះឡើយ ពោលគឺនាងនៅតែមានមុខចូលរួមនៅក្នុងកម្មវិធីនានារបស់អ្នកសិល្ប:ជាបន្តបន្ទាប់។

ទឹម រដ្ឋា ធ្លាប់លើកឡើងថា បើទោះបីជានាងបានរៀបការមានស្វាមីក៏ដោយ ប៉ុន្តែការងារសិល្ប:នាងនៅតែបន្ត ពោលគឺមិនទាន់ឈប់ត្រឹមនេះឡើយ ខណ:ពេលស្វាមីរបស់នាងក៏មិនបានហាមឃាត់រូបនាងក្នុងអាជីពសិល្ប:នេះដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv









