Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប ៖ ថ្ងៃទីប្រាំបី នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបី នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បណ្ដាគណបក្សនយោបាយ បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន នៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗដែលគណបក្សនយោបាយបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។

គ.ជ.ប បានបន្តថា ក្នុងថ្ងៃទីប្រាំបីនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាក្នុងមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដោយភាគច្រើនតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ រីឯសកម្មភាពហែក្បួនឃោសនាគឺមានតិចតួចនៅតាមឃុំ សង្កាត់មួយចំនួន ។ តាមការកត់សម្គាល់ជាក់ស្តែង នៅក្នុងភូមិសាស្រ្តនៃខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនាចំនួន ៤៨ ឃុំ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្ស ភ្លើងទៀន បានធ្វើសកម្មភាពចំនួន ៣២ ឃុំ សង្កាត់ ក្នុងនោះមានការហែក្បួនចំនួន ៤ ឃុំ សង្កាត់ គណបក្ស ខ្មែររួបរួមជាតិ បានធ្វើសកម្មភាពចំនួន ១៧ ឃុំ សង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ១៥ ឃុំ សង្កាត់ និងគណបក្សយុវជនកម្ពុជា បានធ្វើសកម្មភាពចំនួន ១ ឃុំ។ ដោយឡែក នៅខេត្តកោះកុងមានបញ្ហាភ្លៀងធ្លាក់ក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួន ដែលបានបង្កការលំបាកដល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គណបក្សនយោបាយនីមួយៗនៅតែបន្តធ្វើសកម្មភាពឃោសនារបស់ខ្លួនស្របតាមកម្មវិធីដែលបានកំណត់។

គ.ជ.ប បានបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំបីនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិ.ង្សា និងគ្មានការគំរា.មកំ.ហែង។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×