Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តសៀមរាប ផ្សព្វផ្សាយការកែសម្រួល ការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដី នៅក្នុងតំបន់បឹងទន្លេសាប ជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

សៀមរាប ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប រួមនិងអាជ្ញាធរស្រុកសូទ្រនិគម ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ស្ថិតក្នុងបរិវេណវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។ ដូច្នេះ ការកែសម្រួលនេះ ប្រជាពលរដ្ឋ នឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។

លោកស្រីអភិបាលរង បញ្ជាក់ថា ចំពោះដីក្នុងតំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋ ឬជនខិលខូចបានកាប់ទន្ទ្រានខុសច្បាប់ក្នុងរយៈខ្លីត្រឹមតែ២ ឬ៣ឆ្នាំ អាជ្ញាធរនឹងត្រូវដកហូតយកមកវិញ។ ដូច្នេះលោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹកបន្តទៀត ដែលទង្វើនេះ បានបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះក្នុងតំបន់បឹងទន្លេសាប ហើយក៏ជាអំពើខុសច្បាប់ផងដែរ។

ជាមួយនោះ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម លើកឡើងថា ដើម្បីពន្លឿនការអនុវត្តការងារការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ ដែលពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប ស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងការចង្អុលបង្ហាញរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សូមប្រជាពលរដ្ឋត្រៀមឯកសារ សម្គាល់អត្តសញ្ញាណ និងទីលំនៅរបស់ខ្លួនជូនអាជ្ញាធរត្រួតពិនិត្យ ក៏ដូចជាការកំណត់ព្រំប្រទល់ដីរបស់ខ្លួន និងអ្នកជិតខាងឱ្យបានច្បាស់លាស់ ដែលចៀសវាងបង្កជម្លោះផ្សេងៗ នៅពេលចុះកំណត់ព្រំប្រទល់ដីដោយអាជ្ញាធរចម្រុះ។

គួរជម្រាបថា សម្រាប់ស្រុកសូទ្រនិគម មានឃុំចំនួន ៤ ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប រួមមានឃុំកំពង់ឃ្លាំង ឃុំដានរុន ឃុំគៀនសង្កែ និងឃុំខ្ចាស់។ ដោយឡែក នៅទូទាំងខេត្តសៀមរាប មានក្រុងសៀមរាប និង ស្រុកចំនួន៤ ដូចជា ជីក្រែង សូទ្រនិគម ប្រាសាទបាគង និង ពួក ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×