សៀមរាប ៖ នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំស្រុក លោកមេឃុំ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ បានចុះពិនិត្យមើលស្ថានភាពដីនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត និងឃុំអន្លង់សំណរ ស្រុកជីក្រែង ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលយូរហើយ និងតំបន់ខ្លះទៀតជាភូមិចាស់របស់ពួកគាត់ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស និងការយកចិត្តទុកដាក់លើផលប្រយោជន៍ របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប ។

លោក អភិបាលរងខេត្ត ចុះនាពេលនេះ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប ក្នុងនោះលោក អភិបាលខេតទក៌បានផ្សព្វផ្សាយនូវសាររបស់សម្តេចតេជោ ហ៊ុន សែន ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹង ដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស តំបន់បឹងទន្លេសាប ចែកចេញជា ៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ គឺទី១ ការអភិរក្ស និងទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាបនោះ ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង ។

លោក អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមនៃសាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដោយឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង និងបានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ។
ម្យ៉ាងទៀត ទីតាំងដែលប្រជាពលរដ្ឋ អាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាពជាប្រជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដី ដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ។ ជាមួយនឹងផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅលើការអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ ២ ឬ ៣ឆ្នាំនោះទេ។
ទន្ទឹមនឹនេះ សូមប្រជាពលរដ្ឋ ដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត ។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីលំនៅឋានជាក់ស្តែង៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី













