ភ្នំពេញ: «សូមបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដែលជាគណបក្សតែមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ និងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយ ការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ»។
នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោក្នុងឱកាសដឹកនាំ យុទ្ធនាការឃោសនាបោះឆ្នោតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតកាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២២។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅយ៉ាងសកម្មក្នុងសង្កាត់បឹងទូក និងសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច របស់ក្រុងបូកគោដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបនូវគោលនយោបាយគណបក្សសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

អំឡុងពេលឃោសនានៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាការគាំទ្ររបស់ប្រជាពលរដ្ឋបានផ្តល់លទ្ធភាពនិងឱកាសគ្រប់គ្រាន់ដល់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ និងដឹកនាំប្រទេសប្រកបដោយការអភិវឌ្ឍរើកចម្រើន ការពារបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ។ ឯកឧត្តមអនុប្រធានក្រុមការងារបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញ លេញដែលកម្ពុជាទទួលបានរយៈពេលជាង ២០ ឆ្នាំមកហើយ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី កម្ពុជាដែលរងគ្រោះខ្ទេចខ្ទាំដោយសារតែសង្គ្រាមស៊ីវិល បានកសាងនិងស្ថាបនាជាតិឡើងវិញ កម្ពុជាបានងើបឈរឡើងក្នុងមោទកភាព និងសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិបានល្បីរន្ទឺឡើងវិញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់បឹងទូកដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតគាំទ្រគណបក្សនៅរៀងរាល់ការ បោះឆ្នោត។ ឯកឧត្តមបានស្នើដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការការពារជាតិ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យរស់ក្នុងភាពសុខសាន្ត។ ឯកឧត្តមបានគូសបញ្ជាក់ គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត គ្រប់គណបក្សនយោបាយ និងពលរដ្ឋគ្រប់និន្នាការនយោបាយអាចរស់នៅដោយភាពសុខសាន្ត។
ឯកឧត្តមបានកត់សម្គាល់ថ្លែងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំខាងនយោបាយ និងបទពិសោធដឹកនាំនិងគ្រប់គ្រងប្រទេសយូរអង្វែង និងស្គាល់ច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងតាក់តែងគោលនយោបាយប្រកបដោយចក្ខុវិស័យវែងឆ្ងាយបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ។ ចំណែកការឃោសនាបោះឆ្នោត និងសកម្មភាពផ្សេងទៀត សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រកាន់គោល ជំហរចាស់ទុំ មានក្រមសីលធម៌ និងប្រកបដោយគុណធម៌ តែជាកាតកត់សម្គាល់គណបក្សខ្លះ សកម្មជនរបស់ខ្លួនប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម រើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងឋានៈសង្គម និងបញ្ឆេះកំហឹងប្រជាពលរដ្ឋគ្រប់ពេលវរលា។ ឯកឧត្តមបានលើកឡើងជូនពលរដ្ឋថា បងប្អូនប្រជាពលរដ្ឋបោឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានន័យថាបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមានឱ្យបន្តរីកចម្រើទៅមុខទៀត។ ឯកឧត្តមថ្លែងថាអំពើល្អរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ បានទទួលនូវការតបស្នងមកវិញដោយសេចក្តីគោរព ស្រឡាញ់ គាំទ្រ និងជឿជាក់ពីបងប្អូនប្រជាពលរដ្ឋជានិច្ចកាល៕រក្សាសិទ្ធិដោយ: ចេស្តារ



