Sunday, September 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់ម្ហូបអាហារនៅតាមផ្សារ និងចិញ្ចើមផ្លូវ ត្រូវមានអនាម័យល្អ និងសុវត្ថិភាព ក្រោយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចេញជាផ្លូវការ

ភ្នំពេញ៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានលើកឡើងថា នឹងក្លាយជាត្រីវិស័យតម្រង់ទិសយ៉ាងសំខាន់សម្រាប់លើកស្ទួយផលិតកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិត​កម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង ក្នុងសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២។ ច្បាប់នេះ នឹងត្រូវដាក់ឲ្យអនុវត្តប្រើប្រាស់ជាផ្លូវការ ក្រោយពីព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា។

ក្រោយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចេញជាផ្លូវការ អ្នកលក់ម្ហូបអាហារនៅតាមផ្សារ និងចិញ្ចើមផ្លូវ ត្រូវមានអនាម័យល្អ និងសុវត្ថិភាព ដែលក្រសួងពាណិជ្ជកម្ម ចាត់ទុកថា ធ្វើឡើងក្នុងគោលបំណងធានាការពារសុខភាពអ្នកប្រើប្រាស់ ឬអ្នកទទួលទានកុំឲ្យកើតជំងឺផ្សេងៗ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសដែលចូលចិត្តបរិភោគអាហារនៅតាមផ្លូវក្នុងពេលពួកគេមកទស្សនាកម្ពុជា។

ឯកឧត្តម ប៉ែន សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារគុណភាព សុវត្ថិភាព និងអនាម័យល្អ ធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងចៀសវាងកើតជំងឺផ្សេងៗ។ ច្បាប់នេះ នឹងជួយធានាដល់កេរ្តិ៍ឈ្មោះផលិតផលម្ហូបអាហាររបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ដែលជាផ្នែកមួយនៃការជំរុញដល់ការនាំចេញ។

ឯកឧត្តម ចាត់ទុកថា ការលក់ដូរម្ហូបអាហារនៅតាមផ្សារ និងចិញ្ចើមផ្លូវជាការងារអាទិភាពមួយ ដែលក្រសួងពាណិជ្ជកម្មនឹងសង្កត់ធ្ងន់ទៅលើបញ្ហាអនាម័យ និងសុវត្ថិភាពជាចម្បង ហើយជាដំណាក់កាលបន្តបន្ទាប់នឹងជំរុញឲ្យមានគុណភាពបន្ថែមទៀត។

គួបញ្ជាក់ថា បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ច្បាប់នេះ នឹងមានយន្តការចុះធ្វើអធិការកិច្ច និងការពិនិត្យម្ហូបអាហារ ដែលដាក់លក់នៅតាមទីផ្សារ ម្ហូបអាហារសម្រាប់នាំចេញ និងម្ហូបអាហារសម្រាប់នាំចូល ហើយនឹងមានការដាក់ទោសទណ្ឌទៅដល់ប្រតិបត្តិករម្ហូបអាហារដែលល្មើសច្បាប់ ទាំងការពិន័យអន្តរកាល និងទោសព្រហ្មទណ្ឌ ដែលអាចជាប់ព័ន្ធនាគារពី ២ទៅ ៥ឆ្នាំ ក្នុងករណីចាំបាច់៕​

spot_img
×