បើពិចារណាមើលទៅ នោះរាងកាយរបស់យើងនេះ រកឋិតថេរគ្មានទេ កើតឡើងមិនយូរប៉ុន្មានផង អ្នកខ្លះក៏ជួបទុក្ខគ្រាំគ្រា លាត្រឡប់ទៅវិញដោយសារជំងឺតម្កាត់ ឬគ្រោះថ្នាក់ផ្សេងៗ។ ដូចព្រះសម្ពុទ្ធត្រាស់ថា ការ «កើត-ចាស់-ឈឺ-ស្លាប់» ជាក្រិតក្រមច្បាប់ធម្មជាតិតាក់តែង មនុស្សគ្រប់រូប គង់ស្លាប់មិនលែងទាំងគេទាំងឯង ទោះបីប្រឹងជៀស ក៏មិនរួចឡើយ។
ជាមួយគ្នានេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំជួលចិត្ត និងសោកស្តាយជាពន់ពេក គ្រាបានដឹងថា នារីវ័យក្មេងមានឆោមដ៏ស្រស់ស្អាតម្នាក់ បានទទួលមរភាពត្រឹមតែមួយពព្រិចភ្នែក ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យក្រុមគ្រួសារ ជាពិសេសស្វាមីរបស់នាង យំទួញសោកយ៉ាងខ្លាំង ខណៈមនុស្សជាទីស្រលាញ់បានលាចាកគ្មានថ្ងៃវិលត្រឡប់យ៉ាងលឿនបែបនេះ។
នេះបើតាមបុរសជាស្វាមីដែលគណនីហ្វេសប៊ុកឈ្មោះ KoKo Nak Nak បានបង្ហោះរូបថត និងវីដេអូចុងក្រោយជាមួយគ្នា ថ្លែងរៀបរាប់នៅលើគណនីភរិយាយ៉ាងក្តុកក្តុកបំផុតថា៖ «រូបថតថ្ងៃចុងក្រោយដែលអូននៅជាមួយបង បងសូមទោសណាដែលធ្វើអោយបាត់បង់អូន ស្ដាយក្រោយអស់មួយជីវិត បងមានវិប្បដិសារីអស់មួយជីវិតត្រឹមពេល១វិនាទីធ្វើអោយបាត់បង់អូន បើមានជាតិក្រោយបងនឹងសងអូនវិញ….»។
បន្ទាប់មក បុរសជាស្វាមីខាងលើ ក៏បានលាតត្រដាងគ្មានសល់ ពីទំហំសេចក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកដ៏មិននឹកស្មាន រៀបរាប់យ៉ាងវែងអន្លាយថា៖ «ម៉ាក់ក្មេកនិយាយថា មិនបាច់យករូបថតទៅទេកូន ប្រយ័ត្នអ្នកក្រោយអន់ចិត្ត ខ្ញុំថាមិនទាន់គិតទេ គាត់ថាកូនឯងនៅក្មេងតាស តិចទៀតដល់គូទៀតហើយ ទុកចឹងគេអន់ចិត្តហើយ ខ្ញុំថាម៉ាក់បាច់ខ្វល់ទេ ប្រពន្ធខ្ញុំស្រលាញ់ខ្ញុំពិបាកនឹងបំភ្លេច បើដល់គូមែន គេស្រលាញ់បានអាចទទួលយកបានចាំយក ខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់ដែលស្រលាញ់ខ្ញុំដូចប្រពន្ធរបស់ខ្ញុំ ខ្ញុំអស់គ្មានអ្វីគ្រប់យ៉ាង ក៏គាត់ព្រមទទួលយកខ្ញុំ បើអ្នកផ្សេងក្រោយ បើមានដល់គូពេលក្រោយទទួលបានចាំយក បើមិនបានក៏ខ្ញុំមិនខ្វល់ ព្រោះខ្ញុំនៅតែមានប្រពន្ធល្អដែលទេវតាប្រទានអោយខ្ញុំមួយរួចហើយ។
ជីវិតគូររបស់ពួកខ្ញុំ មានន័យខ្លាំងណាស់ ប្រពន្ធស្រលាញ់ប្ដីចង់ធ្វើអ្វីប្ដីធ្វើតាម ប្ដីស្រលាញ់ប្រពន្ធប្រពន្ធចង់ធ្វើអ្វីប្ដីស្របតាម នេះជាស្នេហាដែលខ្ញុំគិតស្រមៃចង់បានតាំងពីចេះមានស្នេហា ខ្ញុំមានសង្សាច្រើនតែប្រពន្ធខ្ញុំល្អឥតខ្ចោះជាងគេ ខ្ញុំសប្បាយចិត្តណាស់ ២នាក់យើងគឺជាប្ដីប្រពន្ធដែលស្រលាញ់គ្នាខ្លាំងបំផុតណាប្រពន្ធសម្លាញ់ អូនស្រលាញ់ពណ៌លឿង បងស្រលាញ់ពណ៌ប៉ៃតង ទិញរបស់អោយគ្នាតែងតែគិតដល់ពណ៌ជានិច្ចដែលបញ្ជាក់ថា ពួកយើងមិនដែលភ្លេចនៅអ្វីដែលពាក្យថាដៃគូចូលចិត្ត។
ពួកយើងថើបគ្នាច្រើនជាងប្ដីប្រពន្ធផ្សេងៗទៀតជាច្រើន មុនពេលក្រោកពីគេងយើងរកគ្នាហើយថើបគ្នាស្រាលៗ មុជទឹករៀបចំទៅធ្វើការ រឺទៅណាក៏ដោយយើងតែងតែថើបគ្នាបន្ទាប់ពីចេញពីផ្ទះ សួរសុខទុកគ្នាគ្រប់ពេលនៅឆ្ងាយពីគ្នា ពេលចប់ការងារហើយត្រឡប់មកផ្ទះវិញ យើងតែងតែអោបគ្នាពេលចូលដល់បន្ទប់ រឺផ្ទះ បន្ទាប់មកថើបគ្នាទៀត ហើយរៀបចំខ្លួននិងញ៉ាំអាហារពេលល្ងាច បន្ទាប់មកជួយរៀបចំគ្នា ហើយចប់ការងារអស់ដល់ម៉ោងជិតគេងពួកយើងថើបគ្នាទៀតមុនគេង ហើយអូនអោយបងអោបអូន និងអង្អែលក្បាលអូន ពេលខ្លះវ៉ៃគូថអូនបំពេរអូនដូចកូនក្មេងដល់អូនគេងលក់ បន្ទាប់ពីអូនគេងហើយបងក៏ថើបអូនមួយទៀតមុនឈប់សកម្មភាពបំពេរ ម៉ោង៩ ១០ ព្រោះអូនធ្វើការពេលព្រលឹម បងធ្វើការម៉ោង៩ ហើយបងទំលាប់គេងម៉ោង១២ បន្ទាប់ដល់ម៉ោងបងគេងបងងើបថើបអូនមួយទៀត បងមានក្ដីសុខណាស់ បងជាមនុស្សចូលចិត្តក្លិនក្រអូប ឥឡូវបងនឹកអូនណាស់នឹកក្លិនអូនណាស់ រាល់ថ្ងៃតែងតែមានអូនឈឺឆ្អើល សួរនេះសួរនោះគ្នាទៅវិញទៅមក អូនតែងតែខិតខំធ្វើការនិងរកលុយដើម្បីអនាគត និងចូលចិត្តធ្វើល្អធ្វើបុណ្យស្រលាញ់គ្រួសារ និងប្ដីខ្លាំងណាស់ មិនចេះសម្លាប់សត្វ ហេតុអ្វីមនុស្សល្អបែបទទួលបានផលបែបនេះ ស្នេហាពួកយើងពិតជាមានន័យនិងក្ដីសុខខ្លាំងណាស់ប្រពន្ធសម្លាញ់។
បងសូមទោសដែលអោយអូនទៅជាបែបនេះ មកពីបងស្រលាញ់អូនពេក អូនធ្លាប់ប្រាប់ថាអូននៅជាមួយប៉ាម៉ាក់រហូត ឃើញគេដើរលេងយប់ចូលក្លឹបសប្បាយ អូនចង់ដូចគេ បងក៏ធ្វើតាមព្រោះស្រលាញ់ តែចុងក្រោយត្រឹមមួយពព្រិចភ្នែកអូនទៅចោលបងតែម្នាក់ឯង ហេតុអ្វីមិនព្រមជាបង រឺទាំងពីរនាក់ ទេវតាធ្វើបាបពួកខ្ញុំណាស់ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្នកុំអោយដូចខ្ញុំ បើមានពេលស្រលាញ់គ្នា អាចធ្វើអ្វីដែលមនុស្សយើងស្រលាញ់បានគួរសម្របតាមគ្នា និងប្រើជីវិតស្នេហាអោយមានន័យ បើពេលវេលាមិនសាកសមយើងហាមគ្នាទៅ ម្នាក់ទៀតគួរស្ដាប់ បើមានឡានចង់ទៅណាយ៉ាងម៉េចក៏បាន ព្រោះវាសុវត្ថិភាពល្អ បងជូនពរអូនឆាប់ចាប់ជាតិ ព្រោះអូនជាមនុស្សមានបុណ្យ និងចូលចិត្តធ្វើបុណ្យ កើតជាកូនសេដ្ឋី មានយសស័ក្ដិ សម្រស់ស្អាតជាងនេះ១០០ដង អាយុវែងដល់១០០ កុំអោយអភ័ព្វដូចជាតិនេះ បើមានជាតិណាៗ សូមជួបអូនម្ដងទៀតជាប្ដីប្រពន្ធគូព្រេងចាំជួប បើជួបកម្មកុំជូប បងឈប់បង្ហោះរឿងពិបាកចិត្តជាមួយអូនច្រើនទៀតហើយ ខ្លាចអូនអាឡោះអាល័យ បងសូមបន់ស្រន់អោយផលបុណ្យបងបានសាង សូមអោយដល់អូន និងឆាប់ចម្លងអូនចាប់ជាតិ បងនឹកអូនណាស់ នឹកក្លិនអូន នឹកសម្លេងអូន និងរឿងយើងធ្លាប់សាងជាមួយគ្នា អនុស្សាវរីយ៍ល្អៗ បងនឹងចងចាំអស់មួយជីវិត បងស្រលាញ់អូនណាស់ប្រពន្ធសម្លាញ់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង































