សៀមរាប៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិ ពិគ្រោះយោបល់គោល នយោបាយចំពោះគ្រួសារ បានអញ្ជើញ ជាធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៤ នៃទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ឧសភា ក្រោមប្រធានបទ “គ្រួសារល្អ មានតួនាទីក្នុងការលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍប្រទេសជាតិ” នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ សាលាខេត្តសៀមរាប។
លោករដ្ឋមន្ត្រី វង សូត បានបញ្ផាក់ថា ការប្រារព្ធទិវាអន្តរជាតិ ស្តីពីគ្រួសារ នាពេលនេះគឺជាការរួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អំពីតួនាទីដ៏មានសារសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅកូនចៅឲ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ។
លោកវង សូត ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជានថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច អស់ពីកម្លាំងកាយចិត្ត ដោយបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតដ៏ខ្ពង់ខ្ពស់ ថ្លែងទៅកាន់ជនរួមជាតិទាំងអស់ ជាពិសេស មេគ្រួសារ ដែលបានខិតខំចិញ្ចឹមបីបាច់ ថែរក្សាកូនចៅ ឲ្យក្លាយជាពលរដ្ឋក្នុងសង្គមផងដែរ ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយកែទម្រង់ស៊ីជម្រៅ និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំនងគាំពារដល់ជីវភាពរស់នៅ របស់ជនក្រីក្រងាយរងគ្រោះ សំដៅបង្កើននូវសេវាសាធារណៈ និងបង្កើននូវសំណាញ់សុវត្ថិភាពសង្គម សម្រាប់ក្រុមជនងាយរងគ្រោះ ការសង្គ្រោះដល់ជនរងគ្រោះជាដើម ។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលប្រទេសនានាលើសកលលោក តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨៩ ហើយរាជ រដ្ឋាភិបាលកម្ពុជា បានចេញងនុក្រឹត្យ ស្តីពីទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ដើម្បីរួមគ្នាអនុវត្តសេចក្តីសម្រេចចិត្តនេះ និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រសួងទទួលបន្ទុក ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជម្រុញឲ្យការអភិវឌ្ឍគ្រួសារមានស្ថានភាពកាន់តែប្រសើរឡើង ស្របតាមស្ថានភាពការវិវត្ត នៃសេដ្ឋកិច្ចជាតិ និងកំណែទម្រង់ប្រព័ន្ធបៀវត្សរ៍ និងប្រព័ន្ធប្រាក់សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ៕ ដោយ៖បញ្ញាស័ក្តិ