ថ្មីៗនេះ មហាជន និងក៏ដូចអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា ខណៈសុខៗស្រាប់តែតារាកំប្លែងដ៏ល្បីឈ្មោះនាយ ពាក់មី បានប្រកាសដើរចេញពី CTN ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។
ជាក់ស្ដែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាយពែកមី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនរៀបរាប់ប្រាប់ដល់បងប្អូនអ្នកគាំទ្រ បានជ្រាបថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ»។
ជុំវិញរឿងនេះ លោកតា វ៉ិចទ័រ ដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ក៏បានបញ្ជាក់ថា «ដំណឹងនាយពាក់មី ចង់ចាកចេញគឺជាការពិត ដ្បិតដោយសារសម្ពាធពីអ្នកគ្រប់គ្រងខាងលើមេធំ។ ចំពោះរូបលោកផ្ទាល់ នៅតែបន្តគ្រប់គ្រងក្រុមកំប្លែងដដែល»។
តែទោះជាយ៉ាងណា ក្រោយប្រកាសក្តែងៗដើរចេញមិនបានប៉ុន្មានម៉ោង នាយ ពែកមី ក៏បានបង្ហោះសារបញ្ជាក់ថា «ជូនដំណឹងបងប្អូនទាំងអស់គ្នា CTN បានដោះស្រាយសម្រួលដល់ខ្ញុំ ព្រមទាំងបុគ្គលិក និងក្រុមការងារហេីយ អរគុណបងប្អូនទាំងអស់គ្នា ក្រុមហ៊ុនបានស្មេីអោយខ្ញុំលប់ផុសវិញ អរគុណក្រុមហ៊ុនសម្រាប់ដំណោះស្រាយសម្រាប់បុគ្គលិក»។
ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយឃើញនាយ ពាក់មី ប្រកាសដើរចេញពី CTN ព្រោះរងសម្ពាធពីអ្នកគ្រប់គ្រងថ្មី ក៏បានលើកឡើងថា «សម្តីពូពាក់មីមានទម្ងន់គ្រាន់ កន្លែងខ្លះបុគ្គលិកនៅទាមទារដល់សព្វថ្ងៃ មិនឃើញដំណោះស្រាយ, ទាល់តែផុសបានចេះសម្របសម្រួល បរិបទសង្គមទាល់តែបង្ហាញឲ្យសង្គមខាងក្រៅបានដឹង បានមានដំណោះស្រាយ បើមិនបង្ហាញទេដោះស្រាយមិនចេញនោះទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








