ខេត្តរតនគីរី៖ នគរបាលស្រុកលំផាត់ នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ បានចាប់ខ្លួន ជនសង្ស័យម្នាក់ជាឪពុកចុង ករណីរំលោភសេពសន្ថវៈកូនស្រីដើម ដែលជាជនជាតិទំពួន។
ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែង បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យប្តឹងពីឈ្មោះ ជាំ ភេត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ត្រូវត្រូវជាអ៊ុំបង្កើតរបស់ជនរងគ្រោះ មកប្ដឹងរាយការណ៍ថា៖ នៅថ្ងៃទី ខែ មិនចាំ ប្រហែលពីរខែមុន ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ស្ខូ សាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ មានករណី រំលោភសេពសន្ថវៈ មកលើក្មួយស្រីរបស់គាត់ កើតឡើង ១លើក ។ កុមារីរងគ្រោះ អាយុ ៩ ឆ្នាំជនជាតិទំពួន ចំណែកជនសង្ស័យឈ្មោះ ស៊ីណាត ខាក ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិឡាវ មុខរបរ កសិករ ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ។ អ្នកទាំងពីរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែង បានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ