ភ្នំពេញ ៖ តារាសម្តែង និងជា តារាបង្ហាញម៉ូដ ធ្លាប់ល្បីឈ្មោះ សម ម៉ាណា បានតោះតើយជាមួយ ការងារសិល្បៈ ប្រមាណ២ឬ៣ឆ្នាំចុងក្រោយនេះ ក្រោយពេលមានកូន។ យ៉ាងណាពេលនេះ នាងបានចេញមុខ មកបញ្ជាក់ដើម្បីកុំឲ្យមានការងឿងឆ្ងល់ហើយ លាងជម្រះ តបតាមការចង់ដឹងពីអ្នកគាំទ្រ។
សម ម៉ាណា បានថ្លែង ឲ្យដឹងគ្រា បង្ហាញវត្តមានដាក់សម្ពោធរឿង «រសជាតិអ្នកមានវគ្គ៣» របស់ទូរទស្សន៍ភិអិនអិនថា នាងបានផ្អាកបង្ហាញមុខ លើការងារសិល្បៈ ប្រមាណច្រើនខែមកហើយ ព្រោះតែបញ្ហា មមាញឹកក្នុងគ្រួសារ។ អ្នកនាងថា ជាប់មើលកូន និង មើលមុខរបរអាជីវកម្មលក់ផ្ទះដី ទើបមិនអាច ងាកមកសាងស្នាដៃសិល្បៈ។ នាងទទួលស្គាល់ថា មានការព្យាយាមលើសិល្បៈ តាំថពីនៅលីវមកទល់មានកូន គឺមិនងាយឡើយ ហើយហែលឆ្លងគ្រប់ឧបសគ្គសិល្បៈ។ ដូចនេះហើយទើបនាង មិនអាចប្រើពាក្យថា លាឈប់បាន ទោះយើងអាចរស់នៅស្រួល តែសិល្បៈ ជាកំណើតយើងដែរ។ ប្រការសំខាន់ពេលនេះកូន នាងនៅតូចទើប ចង់ទុកពេលមើលថែឲ្យ ល្អផ្តល់ភាពជាម្តាយឲ្យកូនច្រើនសិន។ បើមានពេលវេលា នាងឆ្លៀតបង្ហាញមុខខ្លះៗលើសិល្បៈជាកិច្ចតបស្នង។

សម ម៉ាណា ធ្លាប់ល្បីឈ្មោះជាតួសម្តែង ប្រចាំផលិតកម្មល្បីៗ ដូចជា SSB Night Star ហង្សមាសជាដើម។ នាងមានទីផ្សារណាស់ពីមុន ហើយក៏មានសម្រស់ផូរផង់ អ្នកមាន ឧកញ៉ាច្រើនតាមស្នេហ៍។ ចុងក្រោយនេះនាងមានគូ ដោយមិនទាន់បង្ហាញមុខស្វាមីឡើយបិទជិតឈឹង។ ម៉ាណាក៏ប្រកាសលក់ផ្ទះវីឡា ក្រោយវត្តស្ទឹងមានជ័យ១លានដុល្លារកន្លះ ដើម្បីយកថវិកាទៅវិនិយោគលើ វិស័យដីធ្លី៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












