Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៨​គ្រួសារ​ ព្រួយបារម្ភបាក់​ដីស្រែ ខ​ណៈ​ដែល​ក្រុមហ៊ុន​ជីក​យក​អាចម៍​ដី​ចាក់​ក្នុង​បន្ទាយ​ប៉េអឹម​ខេត្ត​ថ្មី​ មិន​ទទួលខុសត្រូវ​និង​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​

​ស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​៨​គ្រួសារ​រស់នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​មាន​ការព្រួយបារម្ភចំពោះ​ដីស្រែ​របស់​ពួកគាត់​ដែល​នឹង​ប្រឈម​និង​បាក់​ដី​ដោយសារ​ក្រុមហ៊ុន​ជីកដី​នៅ​ទីតាំង​មួយ​កន្លែង​នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​ជីកដី​ទំហំ​ប្រមាណ​ជាង​១​ហិច​តា​ជីក​ចង់​ដល់​ក្បាល​ប្រែ​ត​យក​អាចម៍ដី​ចាក់​ក្នុង​បន្ទាយ​ប៉េអឹម​ខេត្ត​ថ្មី​ដែល​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ​នោះ​ត្រូវបាន​ពលរដ្ឋ​អំពាវនាវ​សុំ​បទ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​និង​ប្រមុខ​ដឹកនាំ​គ្រប់ស្ថា័ន​អោយ​ជួយ​ដោះស្រាយ​នូវ​ការខូចខាត​ដីស្រែ​របស់​ពួកគាត់​ខ​ណៈ​ដែល​អាជ្ញាធរ​សង្កាត់ ក្រុង​បាន​ហៅ​ភាគី​ទាំងសងខាង​មក​ដោះស្រាយ​តែ​ពុំ​ទទួលបាន​ផ្លែផ្កា​ទាល់តែសោះ។​

​បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​អ៊ុក​សាម៉េន​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ​បាន​អោយដឹងថា​ដីស្រែ​ដែល​រង​ផលប៉ះពាល់​នៅ​ចំណុច​ទីតាំង​ដី​ខាងលើនេះ​មាន​៨​គ្រួសារ​ស្មើ​និង​ដី​ប្រមាណ​ជិត​៦​ហិច​តា​ហើយ​ក្រុមហ៊ុន​ជីកដី​នេះ​មកពី​ខេត្ត​ត្បូងឃ្មុំ​និង​មាន​ក្រុមហ៊ុន​មួយទៀត​មក​ជីក​ជំនួស​មាន​រយះពេល​ជាង​៤​ខែ​មក​ហើយ​គឺ​ជីកដី​ចង់​ដល់​ក្បល​ប្រែ​តទៅ​ហើយ​គ្មាន​ស្ថាប័ន​ណា​អើពើ​បន្តិច​សោះ​។​

​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​ពលរដ្ឋ​ដែល​មាន​ដី​រង​ផលប៉ះពាល់​បាន​ប្តឹង​ទៅ​ភូមិ​និង​សង្កាត់​សង្ឃ័រ​រហូត​ដល់​ក្រុង​ហើយ​អាជ្ញាធរ​បាន​ហៅ​ភាគី​ទាំងសងខាង​មក​ដោះស្រាយ​បាន​បី​ដង​ហើយ​តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​នោះ​ទេ​បាន​ត្រឹម​ថា​ទុក​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​

​ពលរដ្ឋ​ខាងលើ​បានបញ្ជាក់​ថា​ក្រុមហ៊ុន​ជីកដី​នេះ​មិន​ដែល​មក​ដោះស្រាយ​នោះ​ទេ​ឃើញ​តែ​មន្ត្រី​ប៉េអឹម​ចូល​មក​សម្របសម្រួល​ហើយ​និយាយ​ដដែលៗ​ថា​ធ្វើ​នេះ​ដើម្បី​ជាតិ​។​ពលរដ្ឋ​បាន​ចោទសួរ​ថា​ធ្វើ​ដើម្បី​ជាតិ​បើ​ប៉ះពាល់​ជា​ប្រជាពលរដ្ឋ​តើ​ជាតិ​ដោះស្រាយ​របៀប​ណា​បើ​ពួកគាត់​មាន​ដីស្រែ​តែ​បន្តិចបន្តួច​សំរាប់ធ្វើ​ស្រែ​ចំការ​តើ​អោយ​សង្ឃឹម​អី​?​ពាក់ព័ន្ធ​និង​ការជីក​ដី​ពី​ក្រុមហ៊ុន​ប្រឈម​និង​បាក់​ស្រែ​នេះ​ប្រជាពលរដ្ឋ​បាន​ចុះ​ទៅ​ប្រាប់​អ្នក​ជីក​យក​អាចម៍ដី​គឺ​សូម​ជីក​ទុក​ជើងទេរ​និង​ជីក​កុំ​អោយ​ជ្រៅ​ពេក​ដែរ​តែ​ក្រុមហ៊ុន​នេះ​មិន​ស្តាប់​មិន​អើពើ​នោះទេ​រឹតតែ​ជីក​កាន់តែ​ជ្រៅ​មិនដឹង​អាង​អំណាច​មក​ពី​ណា​ទេ​បាន​ជា​ជីក​ទាំង​បំពាន​យ៉ាងនេះ​។​

​ពលរដ្ឋ​បាន​ធ្វើ​ការអំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ដែល​មាន​លោក ម៉ែន វិបុល ជា​អភិបាលខេត្ត​សូម​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​ព្រោះ​រដូវវស្សា​ចូលមក​ដល់​ហើយ​ដីស្រែ​របស់​ពួកគាត់​និង​បាក់​ហូរ​ច្រោះ​ខូចខាត​ធ្វើស្រែ​មិន​កើត​នោះ​ទេ​និង​សូម​អោយ​ក្រុមហ៊ុន​ជីកដី​ត្រូវ​ទទួលខុសត្រូវ​និង​ដោះស្រាយ​សំណង​ចំពោះ​ការបាក់​ដីស្រែ​នេះ​។​

​ពាក់ព័ន្ធ​និង​ករណី​ជីកដី​ដែល​មាន​ការ​ប្រតិកម្ម​ពី​ពលរដ្ឋ​នេះ​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​អោយ​អ្នកសារព័ត៌មាន​ដឹងថា ការជីក​ដី​នេះ​គឺ​យក​អាចម៍មក​ចាក់​នៅ​ក្នុង​បន្ទាយ​ប៉េអឹម​ហើយ​អាជ្ញាធរ​ក្រុង​គេ​នឹង​ហៅ​ភាគី​ទាំងសងខាង​មក​សម្របសម្រួល​គ្នា​ម្តងទៀត​ដើម្បី​ដោះស្រាយ​ហើយ​អ្នកសារព័ត៌មាន​ចង់​ចុះ​អី​ក៏​ចុះទៅ​ព្រោះ​គេ​ធ្វើ​នេះ​ដើម្បី​ជាតិ​តែប៉ុណ្ណោះ​!​។​

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ស្វាយរៀង​លោក ប៉ុក ត​ក បានអោយដឹង​ថា​ចំពោះ​ការជីក​យក​អាចម៍ចាក់​ក្នុង​បន្ទាយ​ប៉េអឹម​ខេត្ត​នេះ​លោក​បាន​ជម្រុញ​អោយ​អ្នក​ជីក​យក​អាចម៍​នេះ​មក​ធ្វើ​ច្បាប់​ទំលាប់​អោយបាន​ត្រឹមត្រូវ​ដែរ​តែ​ខាង​ប៉េអឹម​បាន​សំណូមពរ​មកវិញ​ថា​គេ​ជីក​យក​ដី​ដាក់​ក្នុង​បន្ទាយ​ទេ ​គេ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​មិនមែន​ជីក​បម្រើ​ប្រយោជន៍​ផ្ទាល់​នោះទេ​។​ លោក​ ប៉ុក​ តក​ បាន​បន្តថា​លោក​បាន​អោយ​កូនចៅ​លោក​ទៅ​មើល​ទីតាំង​ជីក​ហ្នឹង​ដែរ​ហើយ​ការជីក​នេះ​មាន​ជម្រៅ​៤​ម៉ែត្រ ការជីក​ដី​ជា​ទូទៅ​លោក​បាន​ណែនាំ​អោយ​អ្នក​ជីក​ត្រូវ​ជីក​មិនអោយ​លើស​ពី​៥​ទៅ​៦​ម៉ែត្រ​ហើយ​ត្រូវ​ទុក​ជើងទេ​និង​ទប់​ទំនប់​អោយបាន​អោយបាន​ត្រឹមត្រូវ​តែ​ចំពោះ​ប្រជាពលរដ្ឋ​ប្រតិកម្ម​និង​ក្រុមហ៊ុន​ជីកដី​មក​ចាក់​នៅ​បន្ទាយ​ប៉េអឹម​នេះ​អាជ្ញាធរ​និង​ហៅ​មក​សម្របសម្រួល​បើ​មាន​ការប៉ះពាល់​ដីស្រែ​ពលរដ្ឋ​នោះ​និង​ត្រូវមាន​សំណង​ណាមួយ​ដល់​ពលរដ្ឋ​មិនថាតែ​ជីក​ដីស្រែ​ទេ​ការ​ដឹក​ដី​នាំ​អោយ​ខូច​ផ្លូវ​ក៏​ត្រូវមាន​ជុស​ជុល​ឡើងវិញ​ដែរ​៕ ដោយ ៖ ​វ៉ៃកូ​

×